ខេត្តបាត់ដំបង៖ មនុស្សចំនួន២៦នាក់ ដែលនិយមលេងល្បែងស៊ីសង (មាន់ជល់)ហើយត្រូវសមត្ថកិច្ចបង្រ្កាប និងឃាត់ខ្លួនបាន ត្រូវបានធ្វើការអប់រំ និងមានការធានាពីអាណាព្យាបាលឲ្យត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ការបង្រ្កាបសង្វៀនមាន់ជល់មួយកន្លែងនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០ ២១ វេលាម៉ោង១និង៣០នាទីរសៀល នៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង តាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹ មសាន ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។
ក្នុងនោះសមត្ថកិច្ចចម្រុះបានដកហូត ម៉ូតូចំនួន២១គ្រឿង , – មាន់ជល់ចំនួន៤ក្បាល់ , – សង្វៀនមាន់ជល់ ចំនួន១, – ស៊ុមមាន់ចំនួន៦, – ជញ្ជីងថ្លឹងមាន់ចំនួន១ និងម៉ាស៊ីនចុចកំណត់នាទីចំនួន១ ៕