ភ្នំពេញ៖ កម្ពុជា ក្នុងខែដំបូងឆ្នាំ២០២១នេះ ការនាំចេញអង្ករជាង៣ម៉ឺនតោន ថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។ នេះបេីយោងតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
ជាក់ស្តែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៍មានយ៉ាងដូច្នេះថា៖ «ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ២៨ប្រទេស សម្រេចបាន ៣៤ ២៧៣ តោន ថយចុះ ១៦ ១៧៧តោន (ស្មើនឹង៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០»។
ក្នុងលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣ ៧២៣តោន, ប្រទេសហ្គាបុងឈរនៅលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន។ ចំពោះបរិមាណអង្ករ ដែលបាននាំចេញក្នុងខែមករា សរុបជាង ៣៤ ២៧៣ តោន ក្នុងនោះមានជាង ៨៧.៦៣% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ។
គួរបញ្ជាក់ថា កម្ពុជា នៅឆ្នាំ២០២០ បាននាំចេញអង្ករជិត៧០ម៉ឺនតោនទៅកាន់ទីផ្សារ៦០ប្រទេស នៅលើពិភពលោក៕ដោយ៖សហការី