ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានីចុះផ្សព្វផ្សាយ និងអប់រំវីធីការពារជំងឺកូវីដ-១៩ដល់អាជីវករនៅតាមស្តង់ពិព័រណ៍ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានីបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងអប់រំជូនដល់អាជីវករនៅតាមស្តង់ពិព័រណ៍ និងប្រជាពលរដ្ឋដើរទស្សនា
និងទិញទំនិញនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនពួកគាត់ផងដែរ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជម្រាបជូន មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍និង អភិបាលក្រុងស្វាយរៀងឱ្យចុះណែនាំដល់អាជីវករ និងប្រជាពលរដ្ឋឱ្យអនុវត្តមឺុងម៉ាត់នូវវិធានការក្នុងការបង្ការ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល ។ អាស្រ័យហេតុនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចំណាយពេលវេលាចុះអប់រំផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋពីវិធានការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ ដោយមានកិច្ច សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ស្វាយរៀង និងក្រុងស្វាយរៀង សរុបចំនួន៤០នាក់ ។
លោកបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ គម្លាតសង្គម គម្លាតបុគ្គល និង រស់នៅស្អាត ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ ដែលសម្តេច តេជោ ហៅ ថា ព្រឹត្តិការណ៍ ២៨វិច្ឆិកា គឺដោយសារការមិនគោរពតាម វិធានការសុខាភិបាល ការអនុវត្ត ចត្តាឡីស័ករបស់ប្រជាពលរដ្ឋមិនត្រឹម ត្រូវ ធ្វើឱ្យមានការចម្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស ។ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ រស់នៅគម្លាតសង្គម បើមិនចាំបាច់ត្រូវរស់នៅក្នុងផ្ទះ ។

ក្រៅពីនេះក្រុមការងារ ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមានការរស់នៅស្អាត ដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណង ធំបំផុតនោះគឺចង់ឃើញប្រជាពលរដ្ឋ ទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print