ភ្នំពេញ៖ បន្ទាប់ពីរថយន្តម៉ាក Ford Ranger មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 2-3676 នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កំពុងធ្វើដំណើរលើមហាវិថីសហព័ទ្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងទិសដៅឆ្ពោះទៅចោមចៅ ដោយមានដឹកបំពង់ទុយោទឹកដាក់នៅកន្ទុយរថយន្តមិនខ្វល់ពីអ្នកដទៃនោះ។ ក៏ត្រូវបានអ្នកធ្វេីដំណេីរតាមផ្លូវបានថតយករូបភាពរួចបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកធ្វេីការរិះគន់ថា៖ «ទើបជួបថ្មីទៀតហើយបងប្អូន ចេះតែម៉េចក្នុងខ្លួន បើស្តាយឡានខ្លាចខូចថ្នាំឡានណាស់ ម៉េចមិនអោយរ៉ឺម៉កគេដឹកទៅ?» ។
ជាក់ស្តែងជុំវិញករណីនេះដែរ បេីយោងតាមរូបថតចំនួន៣សន្លឹកត្រូវបានបង្ហោះលេីបណ្ដាញសង្គមនោះ ពាក់ព័ន្ធនឹងការដឹកទុយោទឹក ដាក់ទទឹងខុសបច្ចេកទេស កន្លងមកនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញសេចក្តីបំភ្លឺឆ្លើយតបជូនសាធារណជន បណ្ដាញទំនាក់ទំនងសង្គម ដោយផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដ ដូចខាងក្រោម ៖
ទី១– ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង ៖
-ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
-ការបាំងភ្នែកអ្នកបើកបរ ឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន
-ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀត ដែលអាចជៀសវាងបាន
-ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ ។
ទី២– គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញត្រូវគ្របនិងចងឲ្យបានជាប់ល្អ ។
ទី៣– ក្នុងគ្រប់ករណី នៃការផ្ទុកវត្ថុផ្សេងៗ ដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ ។
ទី៤– ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រ ពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក ។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប) ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ ។
ប្រសិនអ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាចឃាត់ពិន័យ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០,០០០រៀល ចំពោះរថយន្តធុនស្រាល និង ៣០០,០០០រៀល ចំពោះរថយន្តធុនធ្ងន់ ៕ដោយ៖សហការី