នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដែលប្រជាជនចិន ប្រារព្ធពិធីបុណ្យចូលឆ្នាំជាប្រពៃណី នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ជូនពរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង ប្រធានអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣ កុម្ភៈ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់លោក វ៉ាង វិនធាន ព្រមទាំងសហការី និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង សូមជួបប្រទះតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដែលបក្ស និងរដ្ឋាភិបាលប្រគល់ឲ្យ។

ឆ្លៀតក្នុងឱកាសជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំស្ថានទូតចិន ក៏ដូចជាអនុព័ន្ធយោធាចិន នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជានូវសម្ភារបរិក្ខារសុខាភិបាល ក៏ដូចជាអ្នកបច្ចេកទេសពេទ្យប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយនៅថ្ងៃខាងមុខនេះ សាធារណរដ្ឋប្រជាមានិតចិននឹងផ្ដល់វ៉ាក់សាំងចំនួន១លានដូសដល់កម្ពុជា។

ក្នុងកិច្ចឆ្លើយតប លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយឯកឧត្ដមបានសម្តែងនូវក្តីជឿជាក់ថា ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចំរើនឥតឈប់ឈរ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print