ករណីសមត្ថកិច្ចសរសេរប័ណ្ណផាកពិន័យខុស ធ្វើឲ្យមានការយល់ច្រឡំ​ ស្នងការនគរបាលរាជធានីភ្នំពេញ សូមបកស្រាយ​បំភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ បេីយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធ​ទៅនឹងការសរសេរប័ណ្ណផាកពិន័យខុសរបស់សមត្ថកិច្ចចរាចរណ៍ ដែលធ្វើឲ្យមានការចុះផ្សាយយល់ច្រឡំរបស់គណនីហ្វេសបុកមួយឈ្មោះថា Sary Sa ដោយកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣​ និង៤៧នាទីយប់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក និងពិនិត្យសារធាតុស្រវឹងហើយបានធ្វើការឃាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer X ពាក់ផ្លាកលេខ កណ្តាល 1X-៨៤៦៤ ដែលល្មើសបើកបរម៉ូតូមានអត្រាជាតិស្រវឹង 0.32 mg/L បើកបរដោយឈ្មោះ វ៉ាន់ វុធ ភេទប្រុស ដោយសមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

លុះដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីព្រឹក ឈ្មោះ ម៉ូវ សារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ដែលជាម្ចាស់ម៉ូតូ បានចូលខ្លួនមកបង់ប្រាក់ពិន័យចំនួន២៥០,០០០រៀល តែពេលនោះដោយបង្កាន់ដៃបង់ប្រាក់មានចំនួន០២ក្បាល ដាក់នៅជិតគ្នា មន្រ្តីចរាចរណ៍បានសរសេរច្រឡំ យកបង្កាន់បង់ប្រាក់ដែលមានចំនួនទឹកប្រាក់៧៥,០០០រៀល ហែកប្រគល់ជូនម្ចាស់ម៉ូតូ ជាក់ស្តែងគឺត្រូវពិន័យ ២៥០,០០០រៀល ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញបានទាក់ទងទៅឈ្មោះខាងលើ និងបានបកស្រាយពីកំហុសដោយអចេតនារបស់សមត្ថកិច្ច ទើបឈ្មោះ ម៉ូវ សារី(FB Sary Sa) បានយល់ច្បាស់ពីការផាកពិន័យនេះ ហើយគាត់ក៏មានការឯកភាពយកប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ៧៥០០០ រៀលមកវិញ ហើយផ្នែកជំនាញបានសម្របសម្រួលជាមួយគាត់ប្តូរប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ២៥០០០០ រៀល ជូនគាត់វិញ។

បន្ទាប់ពីមានការពន្យល់ណែនាំម្ចាស់គណនីហ្វេសបុកឈ្មោះ Sary Sa យ៉ាងច្បាស់លាស់រួចមក គាត់ក៏បានយល់ និងបានសរសេរអត្ថបទកែតម្រូវឡើងវិញនៅលើហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Sary Sa រួចរាល់ហើយដែរ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print