អន្តរជាតិ៖ ដោយសារតែច្បាប់រឹតបន្ដឹងទប់ស្កាត់ជំងឺ COVID-19 នៅប្រទេសថៃ បានធ្វេីឲ្យក្រុមអ្នកលក់ស្រាបៀរ និងម្ចាស់បារជាច្រើននាក់នៅក្នុងទីក្រុងបាងកក បានប្រមូលផ្ដុំគ្នាបញ្ចេញកំហឹងរបស់ពួកនៅពីមុខក្រសួងសុខាភិបាល ដោយបានយកស្រាបៀរចាក់ទម្លាយធុងពេញផ្លូវ។ នេះបេីយោងតាមការចុះផ្សាយរបស់សាព័ត៌មាន Coconuts News។
ករណីនេះ បានកើតឡើងកាលពីថ្ងៃចន្ទទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរាប់សប្ដាហ៍មកហើយ ដែលក្រុមអ្នកលក់ស្រា បានទាមទារឱ្យមានការបន្ថូរបន្ថយច្បាប់នេះ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេយ៉ាងខ្លាំង។
ជាក់ស្តែងបេីតាមការអះអាងពីលោក Archirawas Wannasrisawas មកពីសមាគមស្រាបៀរ បាននិយាយថា ការតវ៉ានេះ គឺដើម្បីបញ្ជាក់ពីចំនួនស្រាបៀរដែលនឹងត្រូវខ្ជះខ្ជាយ ដោយសារតែការហាមឃាត់ការលក់របស់ពួកគេ។ លោក បន្ថែមថា ហាងជាង ៣០០ កន្លែង និងពលរដ្ឋចំនួន ៥,០០០ នាក់ នៅតំបន់ទីក្រុងបាងកកបានរងផលប៉ះពាល់ ដោយសារការរឹតបន្តឹងពាក់ព័ន្ធនឹងវិធាការទប់ស្កាត់ការចម្លងជំងឺ COVID-19 ហើយបច្ចុប្បន្នកំពុងខាតបង់ប្រហែល ១៥០ លានបាត ឬ ៥លានបាត ក្នុងមួយខែ។
សូមជម្រាបថា បច្ចុប្បន្ន ក្រុមអាជីវករទាំងនេះកំពុងស្នើសុំឱ្យមន្រ្តីអនុញ្ញាតឱ្យរង្គសាល និងភោជនីយដ្ឋានបើកទ្វារឡើងវិញ។ ដើម្បីបម្រើគ្រឿងស្រវឹង ជាមួយនឹងការផ្តល់នូវវិធានការសុវត្ថិភាព ការរក្សាគម្លាតជាដើម ដោយគ្មានការរាំរែក និងការចែកកែវគ្នាផឹក។
ដោយឡែកអ្នកតំណាងការតវ៉ា ក៏បានទាមទារការកែទម្រង់បន្ថែមដូចជា៖ ការដកបម្រាមផ្សាយពាណិជ្ជកម្ម និងដកការរឹតត្បិតលើម៉ោងលក់ផងដែរ៕ដោយ៖សហការី