ភ្នំពេញ=លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្មុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ថ្លែងនៅក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានរួមគ្នាយ៉ាងសកម្មក្នុងការបំពេញការងាររបស់ខ្លួនដែលបានសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ ។
លោកស្រីក៏បានបន្តទៀតថា វិស័យអធិការកិច្ច គឺជាវិស័យដែលមិនអាចខ្វះបាន ធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល សំដៅទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើនជំនឿជៀជាក់មកលើរាជរដ្ឋាភិបាល។ ជាពិសេស តម្រូវឲ្យមន្ត្រីអធិការកិច្ចត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញតម្លាភាព និងគណនេយ្យភាព និងរៀបចំអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពឱ្យបានទូលំទូលាយ ដោយឈរលើគោលការណ៍ស្មោះត្រង់ និងយុត្តិធម៌ ដើម្បីធានានូវប្រសិទ្ធភាព នៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើនេះ ក្រសួងក៏បានតម្លើងកម្មវិធីទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យអេឡិចត្រូនិក (អ៊ីបណ្ណាល័យ) ដែលប្រជាពលរដ្ឋ អាចនឹងដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល នៅក្នងដំណាក់កាលនៃកាវិវត្តន៍ វិស័យឌីជីធល និងដើម្បីបំរើសេវាកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ។
លោកស្រីឧបនាយករដ្ឋមន្រ្តីក៏បាន ផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោមនេះ៖
១. ពង្រឹងវិន័យការងារ និងក្រមសីលធម៌ ដោយត្រូវវត្តមានឱ្យបានជាប់ និងបន្តបំពេញការងារជាធម្មតា ដោយត្រូវប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ដូចជាតាមដានព័ត៌មាន និងស្រាវជ្រាវឯកសារ ដើម្បីពង្រឹងសមត្ថភាព។
២. ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយគ្រប់២៥ រាជធានី-ខេត្ត ។
៣. ត្រូវបន្តជម្រុញឆ្លងសេចក្តីព្រាងច្បាប់អធិការកិច្ច ដែលក្រសួងបានតាក់តែងរួច ដោយបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យច្បាប់នេះត្រូវបានអនុម័ត។
៤. ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យ អេឡិចត្រូនិក (អ៊ីឡាយប្រ៊ែរី) ដែលតាមរយៈកម្មវិធីទាំងនោះប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។ ការអនុវត្តកម្មវិធីគឺជាការសម្រួលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
៥. ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈ ការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍភាព នៃការដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។
៦. មន្ត្រីរាជការក្នុងក្រសួង និងមន្ទីរទាំងអស់ត្រូវស្វែងយល់អំពីច្បាប់ និងបទបញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការងារស្នូលរបស់ក្រសួង ដើម្បីបង្កើនសមត្ថភាព និងមានលទ្ធភាព បកស្រាយ ពន្យល់ ពិភាក្សាវែកញែក ក្នុងការបំពេញភារកិច្ច ជាពិសេស ក្នុងការងារអធិការកិច្ច ដោះស្រយពាក្យបណ្តឹង តាមដានការអនុវត្តច្បាប់និងផ្សព្វផ្សាយច្បាប់។
៧. វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវពង្រឹងគុណភាពបណ្តុះបណ្តាល ជាពិសេស ពង្រឹងសមត្ថភាពគ្រូ។
៨. មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរាជធានី-ខេត្ត ពង្រឹងកិច្ច សហការ និងទំនាក់ទំនងឱ្យបានល្អជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរួមគ្នាបំពេញការងារ ជាពិសេស ការដោះស្រាយពាក្យបណ្តឹង៕
ដោយ៖ សូរិយា