ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងថា ក្រោយបែកធ្លាយករណីគ្រូបង្រៀនម្នាក់ នៅសាលាសន្ធរម៉ុកយកលុយពីសិស្ស បច្ចុប្បន្នក្រសួងអប់រំកំពុងតែពិនិត្យ និងសម្រេចចំពោះករណីមួយនេះ។ បន្ទាប់ពីគណៈគ្រប់គ្រងសាលា បានធ្វើការសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីសិក្សាករណីនឹងផងដែរ។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖«គិតមកដល់ពេលនេះ ក្រុមការងារពាក់ព័ន្ធបានកំពុងពិនិត្យ និងសម្រេចចំពោះករណីគ្រូបង្រៀនយកលុយសិស្សនៅសាលាសន្ធរម៉ុក»។ លោក រស់ សុវាចា បន្តថា នៅពេលសម្រេចបែបណា ក្រសួងនឹងប្រាប់ជាព័ត៌មានបន្តទៀត ចំពោះគ្រូបង្រៀនយកលុយសិស្សនេះផងដែរ ។
ជាក់ស្តែងបើយោងតាមបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរបន្តថា« មន្ទីរអប់រំរាជធានីភ្នំពេញ បានរកឃើញថ្នាក់គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀល ក្នុងមួយខែពីសិស្សមែន ប៉ុន្តែសម្រាប់វិធានការលើគ្រូបង្រៀនរូបនោះមន្ទីរថា នឹងសម្រេចបន្ទាប់ពីប្រជុំនៅថ្ងៃស្អែក» ។
ដោយឡែកពាក់ព័ន្ធករណីនេះដែរ រាជរដ្ឋាភិបាលបានខិតខំតំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុងនោះក៏មានគ្រូបង្រៀនផងដែរ កុំឲ្យគាត់មានជីវភាពលំបាកដូចពេលកន្លងមក ប៉ុន្តែគេនៅសង្កេតឃើញមានគ្រូបង្រៀនមួយចំនួនតូចមិនបានគោរពគោលការណ៍របស់ក្រសួង ក៏រាជរដ្ឋាភិបាលក្នុងការមិនឲ្យយកថវិកាពីសិស្សនោះទេ បែរជាពួកគាត់យកលុយសិស្សដែលករណីមួយនេះមិនសម្រាប់សង្គមនោះទេ។ ផ្ទុយទៅការធ្វើបែបនេះបានប៉ះពាល់ដល់កិត្តិយសដល់គ្រូបង្រៀនផ្សេងៗ ដែលពួកគាត់ខិតខំបង្រៀនសិស្សទាំងចិត្តកាយ ដើម្បីចង់ឲ្យសិស្សមានចំណេះទាំងមិនខ្លាចការនឿយហត់ផង ។
គួររម្លឹកដែរថា ក្រុមអាណាព្យាបាលរបស់សិស្សនៃសាលាសន្ធរម៉ុក កាលពីថ្មីៗនេះ បានចេញមករិះគន់យ៉ាងខ្លាំងទៅលើគ្រូបង្រៀន មួយចំនួនថា បើកូនសិស្សអត់ រៀនគួរ ត្រូវគ្រូបណ្តេញចេញក្រៅថ្នាក់ និងទារយកលុយពីកូនសិស្ស១ខែ៦ ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូទៀតផង ។
បេីតាមគណនីហ្វេសប៊ុកឈ្មោះ Bunthoeun Ev បានបង្ហោះឲ្យដឹងថា « កូនស្រីខ្ញុំ ត្រូវបានអ្នកគ្រូ សាលាសន្ធរម៉ុកបណ្តេញ ចេញពីថ្នាក់តាមសម្តី អ្នកគ្រូ បាននិយាយ ថា បើមិនរៀនគួរ ទេទៅរកគ្រូរកសាលាណារៀន ផ្សេងទៅនៅ សាលា សន្ធរ ម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ ។ តើខ្ញុំរស់បានដល់ពេលណា0x017d7 បើខ្ញុំខំរកលុយឲ្យកូនរៀនគួរ មិនបានផង » ។
ដោយឡែកមានហ្វេសប៊ុករបស់អាណាព្យាបាលកូនសិស្សសាលាសន្ធរម៉ុក ម្នាក់ទៀតឈ្មោះ Srey Neth SreyNeth ក៏បានទម្លាយចេញ ឲ្យបងប្អូន មហាជន បានដឹងដែរថា« សុំទោសទុកជាមុន បើនាងខ្ញុំបង្ហោះទៅមានការប៉ះពាល់ ដោយសារករណីនេះស្រដៀងគ្នាជាមួយកូនខ្ញុំដែរ ព្រោះថាកូនប្រុសពៅខ្ញុំ រៀនថ្នាក់ទី៦នៅ សាលាសន្ធរម៉ុកដែរគ្រូទារលុយ៦ម៉ឺនរៀលតាំងពីថ្ងៃចូលរៀនទី ១ ខ្ញុំសួរថា ថ្លៃអីគេ អ្នកគ្រូគាត់ថាវាជាការដឹងគុណរបស់ឪពុកម្តាយចំពោះគ្រូដែលគាត់មើលនឹងបង្រៀនកូនយើង អុញខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់នៅមានច្រើនទៀតដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីងបន្ទាប់មកទៀតទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់សិស្សសរុបជាង៣០នាក់ ។
ប្រភពដដែល បន្តថា ខ្ញុំសុំសួរដូចឆោតអារឿងលុយ ទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំឲ្យតែពេលចូលរៀនគឺ ប្រមូលហើយអត់យល់ ! នៅមានទៀតមិនទាន់អស់ទេយកពីសិស្ស ១ ថ្ងៃ ៥០០រៀលផ្សេងទៀត និង រៃលុយ ពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តងថ្លៃទិញ ទឹកជូនអ្នកគ្រូពិសារ ចា៎នេះ ចូលរៀនអត់ទាន់ដល់មួយខែទេចាំមើលតើ ខែបន្ទាប់ៗ នៅមានអី កើតឡើងទៀតហើយសូមបញ្ជាក់ផងដែរអា ៦ម៉ឺន ថ្លៃទឹកចិត្តហ្នឹងគឺជូនជារៀង រាល់ខែ ខកបាន តែហាមខាន។ ប៉ុន្តែបើលុយរៀនគួរ ខ្ញុំមិនថាទេព្រោះ នេះជារឿង ធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។
ជាមួយគ្នានេះ ក្រោយពីឃើញមានការបង្ហោះក្នុងហ្វេសប៊ុករឿងសាលាទារលុយពីសិស្សនេះ ស្រាប់តែមានអាណាព្យាបាលសាលាសន្ធរម៉ុកជាច្រើននាក់ទៀត បាននាំគ្នាបញ្ជេញមតិ រិះគន់សាលាមួយនេះយ៉ាងចាស់ដៃ តាមរយៈការខមិនដែលមានន័យដូចៗគ្នាផងដែរ ៕ដោយ៖សហការី