ភ្នំពេញ ៖ ដើម្បីជំរុញដល់ការងារហាត់ហ្វឹកហ្វឺន របស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ឡើងនោះ ក្រសួងអប់រំយុវជននិងកីឡា កំពុងត្រៀមជួសជុសកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀតក្នុងពហុកីឡដ្ឋានជាតិ មានដូចជា ទីលានបាល់ទះចំនួន២កន្លែង ទីលានបាល់បោះ១កន្លែង ទីលានវាយកូនបាល់២កន្លែង និងជួសជុលបន្ថែមនូវសាលប្រដាល់ជម្រើសជាតិ នេះបើតាមអះអាងរបស់ លោកអគ្គនាយកកីឡា។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធកីឡាដែលត្រូវរៀបចំឡើងវិញនោះ មានដូចជាទីលានបាល់បោះ ទីលានបាល់ទះ ទីលានកីឡាវាយកូនបាល់ និងសាលប្រដាលដែល កំពុងបម្រើការហ្វឹកហាត់របស់កីឡាករកីឡាការិនីជម្រើសជាតិដើម្បីធ្វើការកែលម្អបន្ថែមទៀត ។ សម្រាប់ឆ្នាំ២០១៦នេះក្រសួងអប់រំយុវជននិងកីឡាបានសម្រេចកែលម្អហេដ្ឋារចនាសម្ព័ន្ធឲ្យមាន ភាពប្រសើរជាងមុន ដើម្បីឆ្ពោះទៅដណ្តើមេដាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧ និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗមួយចំនួនទៀត។
លោកអគ្គនាយកបានន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែលម្អនៅក្នុងឆ្នាំ២០១៦ទាំងអស់នេះគឺជាគោលនយោបាលកំណែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍវិស័យកីឡានិងជំរុញឲ្យកីឡាករកីឡាការិនីទទួលបាននូវការហ្វឹកហាត់ប្រកបដោយស្តង់ដារដើម្បីបង្កើននូវបច្ចេកទេសព្រមទាំងជួយពន្លឿននូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយអត្តពលិកប្រទេសក្នុងតំបន់និងថ្នាក់ទ្វីបក្នុងដំណើរឆ្ពោះទៅដណ្តើមយកមេដាយពីឆាកអន្តរជាតិមកជូនប្រទេសជាតិ។
ជាមួយនឹងផែនការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធទីលានចាស់ៗនៅក្នុងពហុកីឡដ្ឋានជាតិ ក្រសួងអប់រំយុវជននិងកីឡាក៏ជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅវិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីធ្វើជាថ្នាលគំរូព្រមទាំងសាងសង់ អគារដំបូលទូកមួយ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាផងដែរ។
លោកអគ្គនាយកអប់រំកាយនិងកីឡា បានបញ្ជាក់បន្ថែមទៀតថា ការដាក់ទុនវិនិយោគលើវិស័យកីឡាដ៏ច្រើនសន្ធឹកសន្ធាប់ របស់ក្រសួងនាពេលនេះ គឺដើម្បីឆ្លើយតបជាមួយការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់រៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដូច្នេះការបណ្តុះបណ្តាលថ្នាល់កីឡាជំនាន់ក្រោយ ការបណ្តុះបណ្តាលធនធានមនុស្សគឺជារឿងចាំបាច់បំផុត៕
ដោយ៖ សារីម