ទីតាំងបនល្បែងដ៏ធំនៅខេត្តបាត់ដំបងបើកវិញ បន្ទាប់ពីបិទជិត១ឆ្នាំបង្កឡើងដោយការបាញ់ប្រហារគ្នារបួសភ្លៅ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្របពេលដែលក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ រឹតបន្តឹង ជំរុញឲ្យលោក លោកស្រីអភិបាលរាជធានី- ខេត្ត បង្ក្រាបទីតាំងបទល្មើសបនល្បែងស៊ីសង ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺនៅមានទីតាំងមួយចំនួនបន្តបើកបនល្បែងស៊ីសង ដែលសុទ្ធតែជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងសង្គម ប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបលុបបំបាត់ទេនោះ។

គេបានរាយការណ៍មកថា,ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយ​កន្លែង​ដែល​អ្នក​ប្រព្រឹត្ត​ភាគច្រើន ជា​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ខេត្ត ដែល​បាន​បិទ​ជា​បណ្ដោះអាសន្ន​មួយ​រយៈ​កន្លង​ទៅ​នោះ ក្រោយ​ពី​មានការ​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​ ​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​ភ្លៅ​នោះ ពេល​នេះ​ម្ចាស់​ទីតាំង​បាន​បើកទ្វារ​ស្វា​គម​ន៍​អ​តិថិ​ជន​យ៉ាង​រលូន​ឡើង​វិញ​ហើយ ដែល​សមាសភាព​អ្នក​ញៀន​នឹង​ល្បែង​នេះ គឺជា​មន្ត្រីរាជការ​មុខ​ដដែល​ៗ ជិះ​រថ​យន្ត​ស៊េរី​ទំនើប​ៗ ពាក់​ស្លាក​លេខ​«​ខេមរភូមិន្ទ, រាជការ និង​នគរបាល​ជាតិ​»​ជាដើម។
គេសង្ស័យថា ការបើកបនល្បែងនេះ អាចមានការទំនាក់ទំនងគ្នារវាងម្ចាស់ទីតាំង និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានល្អ ទើបគ្មានវិធានការបង្ក្រាប បង្កើតជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះបទល្មើសអាចផ្ដើមចេញពីបនល្បែងស៊ីសងនេះ កើតមានក្នុងសង្គមរបស់ពួកគាត់កំពុងរស់នៅរាល់ថ្ងៃ។
សូមបញ្ជាក់ថា, ទីតាំង​ល្បែង​សម្រាប់​កំដរ​អារ​ម្ម​ណ៍​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបងខាងលើ​នេះ​ នៅ​ខាងលិច​ផ្លូវ​រថយន្ត​ភ្លើង ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់​ដំបង​។ នៅ​ផ្នែក​ខាង​មុខ​មាន​ក្លិប​ស្នូកឃ័រ រីឯ​នៅ​ផ្នែក​ខាងក្រោយ​មាន​វង់​ល្បែងស៊ីសង​។ ដូច​ជា​ល្បែង ខ្លា​ឃ្លោក​អន​ឡាញ ល្បែង​បៀរ​ ដែល​គេ​និយម​ហៅ «​ប៉ក់​ឥណ្ឌា ឬ អង់​ឌូ​» ដែល​លេង​ចាញ់​ឈ្នះ​ម្ដង​ៗ រាប់​ពាន់​ដុល្លារ ឬរាប់​លាន​រៀល​។ នេះ​បើ​តាម​ប្រភពដែល​បាន​ទម្លាយ​ព័​ត៌មាន​នេះ​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ញៀន​នឹង​ល្បែង​នេះ​មួយ​ចំនួន ជា​មន្ត្រីរាជការ មន្ត្រី​យោ​ធា និង​មន្ត្រី​នគរបាល រីឯ​សមាសភាព​មួយ​ចំនួន​ទៀត​ ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​។ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ៗ​ដែល​មន្ត្រី​នានា ជិះ​ទៅ​លេងល្បែង​និង​ចត​នៅ​ក្នុង​បរិវេណ នៃ​ទីតាំង​ល្បែង​នោះ មួយ​ចំនួន​មាន​ពាក់​ស្លាក​លេខ «​ខេមរភូមិន្ទ នគរបាល​ជាតិ និង រាជការ​» ហើយ​ម្ចាស់​រថយន្ត​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ផង​ដែរ​។
ទីតាំងបនល្បែងនេះ មើលទៅហាក់ដូចជាមានលក្ខណៈចំហរ មិនខ្លាចរអាចំពោះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ថាណាស់មានរថយន្តជាច្រើនបានចត ហើយពួកគេបានចូលលេងប្រកបដោយសុវត្ថិភាព។
ពាក់ព័ន្ធក្នុងករណីនេះ, អង្គភាព”នគរដ្រេហ្គន” មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែលោក គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់អង្គភាព”នគរដ្រេហ្គន” ឲ្យដឹងថា,លោកពុំទាន់បានទទួលដំណឹងនេះនៅឡើយទេ ប៉ុន្តែបើមានតម្រុយច្បាស់លាស់ លោកនឹងចាត់វិធានការ។ លោកបន្តថា ជាបឋមលោកនឹងឲ្យសមត្ថកិច្ចចុះទៅធ្វើការរឿងនេះ បើមានការបើកបទល្បីនោះត្រូបតែបង្ក្រាប៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print