ខេត្តបាត់ដំបង៖ ស្របពេលដែលក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ រឹតបន្តឹង ជំរុញឲ្យលោក លោកស្រីអភិបាលរាជធានី- ខេត្ត បង្ក្រាបទីតាំងបទល្មើសបនល្បែងស៊ីសង ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺនៅមានទីតាំងមួយចំនួនបន្តបើកបនល្បែងស៊ីសង ដែលសុទ្ធតែជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងសង្គម ប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបលុបបំបាត់ទេនោះ។
គេបានរាយការណ៍មកថា,ទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែងដែលអ្នកប្រព្រឹត្តភាគច្រើន ជាមន្ត្រីរាជការស្ទើរគ្រប់ស្ថាប័ននៅក្នុងខេត្ត ដែលបានបិទជាបណ្ដោះអាសន្នមួយរយៈកន្លងទៅនោះ ក្រោយពីមានការផ្ទុះអាវុធបាញ់ប្រហារគ្នា បណ្ដាលឲ្យភាគីម្ខាងរងរបួសភ្លៅនោះ ពេលនេះម្ចាស់ទីតាំងបានបើកទ្វារស្វាគមន៍អតិថិជនយ៉ាងរលូនឡើងវិញហើយ ដែលសមាសភាពអ្នកញៀននឹងល្បែងនេះ គឺជាមន្ត្រីរាជការមុខដដែលៗ ជិះរថយន្តស៊េរីទំនើបៗ ពាក់ស្លាកលេខ«ខេមរភូមិន្ទ, រាជការ និងនគរបាលជាតិ»ជាដើម។
គេសង្ស័យថា ការបើកបនល្បែងនេះ អាចមានការទំនាក់ទំនងគ្នារវាងម្ចាស់ទីតាំង និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានល្អ ទើបគ្មានវិធានការបង្ក្រាប បង្កើតជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះបទល្មើសអាចផ្ដើមចេញពីបនល្បែងស៊ីសងនេះ កើតមានក្នុងសង្គមរបស់ពួកគាត់កំពុងរស់នៅរាល់ថ្ងៃ។
សូមបញ្ជាក់ថា, ទីតាំងល្បែងសម្រាប់កំដរអារម្មណ៍មន្ត្រីរាជការមួយចំនួននៅក្នុងខេត្តបាត់ដំបងខាងលើនេះ នៅខាងលិចផ្លូវរថយន្តភ្លើង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ នៅផ្នែកខាងមុខមានក្លិបស្នូកឃ័រ រីឯនៅផ្នែកខាងក្រោយមានវង់ល្បែងស៊ីសង។ ដូចជាល្បែង ខ្លាឃ្លោកអនឡាញ ល្បែងបៀរ ដែលគេនិយមហៅ «ប៉ក់ឥណ្ឌា ឬ អង់ឌូ» ដែលលេងចាញ់ឈ្នះម្ដងៗ រាប់ពាន់ដុល្លារ ឬរាប់លានរៀល។ នេះបើតាមប្រភពដែលបានទម្លាយព័ត៌មាននេះ។
ប្រភពបានឲ្យដឹងទៀតថា អ្នកញៀននឹងល្បែងនេះមួយចំនួន ជាមន្ត្រីរាជការ មន្ត្រីយោធា និងមន្ត្រីនគរបាល រីឯសមាសភាពមួយចំនួនទៀត ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ។ គេឃើញរថយន្តស៊េរីទំនើបៗដែលមន្ត្រីនានា ជិះទៅលេងល្បែងនិងចតនៅក្នុងបរិវេណ នៃទីតាំងល្បែងនោះ មួយចំនួនមានពាក់ស្លាកលេខ «ខេមរភូមិន្ទ នគរបាលជាតិ និង រាជការ» ហើយម្ចាស់រថយន្តទាំងនោះក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរ។
ទីតាំងបនល្បែងនេះ មើលទៅហាក់ដូចជាមានលក្ខណៈចំហរ មិនខ្លាចរអាចំពោះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ថាណាស់មានរថយន្តជាច្រើនបានចត ហើយពួកគេបានចូលលេងប្រកបដោយសុវត្ថិភាព។
ពាក់ព័ន្ធក្នុងករណីនេះ, អង្គភាព”នគរដ្រេហ្គន” មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែលោក គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់អង្គភាព”នគរដ្រេហ្គន” ឲ្យដឹងថា,លោកពុំទាន់បានទទួលដំណឹងនេះនៅឡើយទេ ប៉ុន្តែបើមានតម្រុយច្បាស់លាស់ លោកនឹងចាត់វិធានការ។ លោកបន្តថា ជាបឋមលោកនឹងឲ្យសមត្ថកិច្ចចុះទៅធ្វើការរឿងនេះ បើមានការបើកបទល្បីនោះត្រូបតែបង្ក្រាប៕
ដោយ៖ សិលា