ភ្នំពេញ៖ បេីតាមការអះអាងពីលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានថ្លែងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មានក្រុមហ៊ុនវិនិយោគមួយលើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ហេីយខ្លួននឹងចាប់ផ្តើមដំណើរការ ផលិតកម្មរ៉ែមាស ជាលើកដំបូងនៅឆ្នាំ២០២១នេះ ដែលអាចទទួលបានក្នុងបរិមាណ១០ម៉ឺនអោនក្នុង១ឆ្នាំ (ប្រហែល៣តោន)។
មិនតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែរូបនេះ ក៏បានសម្តែងនូវក្តីសាទរចំពោះដំណឹងនេះ ដែលជាក្រុមហ៊ុនដំបូង អាចធ្វើផលិតកម្មរ៉ែមាស នៅកម្ពុជា។ ដោយលោក បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅត្រីមាសទី២ ក្នុងឆ្នាំ២០២១។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក យស មុនីរ៉ាត់ បានថ្លែងបន្តថា ការប្រកាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អំពីការចាប់ផ្ដើមផលិតកម្មរ៉ែមាស ជាលើកដំបូងរបស់ខ្លួន នៅត្រីមាសទី២ក្នុងឆ្នាំនេះ ពិតជារឿងត្រឹមត្រូវ។ បន្ថែមពីនេះ លោកអះអាងថា «ការធ្វើផលិតកម្មរ៉ែមាសនេះ វានឹងជួយផ្ដល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ និងមានចំណូលបន្ថែមមួយផ្នែក សម្រាប់អភិវឌ្ឍន៍ប្រទេស»។
អគ្គនាយករូបនេះ បន្ដថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រហែល១០០ពាន់អោនក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ លោកថ្លែងយ៉ាងដូច្នេះថា «ការប្រកាសរបស់ក្រុមហ៊ុន ពិតជាត្រឹមត្រូវ គេទទួលបានអាជ្ញាបណ្ណ និងគោពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ យើងគិតថា ក្រុមហ៊ុននេះជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាសបាន។ បើតាមផែនការរបស់ក្រុមហ៊ុន ផែនការផលិតប្រហែលជា១០០ពាន់អោន ក្នុងមួយឆ្នាំ»។
ជាចុងក្រោយ លោក យស មុនីរ៉ាត់ ក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន៤០ កំពុងតែធ្វើអាជីវកម្មរុករករ៉ែមាស ដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល ដោយក្នុងនោះ មានក្រុមហ៊ុន ខ្មែរ ចិន អូស្ដ្រាលី កាណាដា -ល-៕ដោយ៖សហការី