កម្មវិធីបោះជំរុំលើកទី២ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

ចែករំលែក៖

ភ្នំពេញ, ក្រសួងបរិស្ថាននឹងរៀបចំ «កម្មវិធីបោះជំរុំ» លើកទី២ ក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់»ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក នេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភះ ឆ្នាំ២០២១ ថា កម្មវិធីនេះនឹងបើកទូលាយឱ្យមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បណ្តាញសហគមន៍ថ្នាក់តំបន់ និងប្រជាសហគមន៍មូលដ្ឋានដែលតាមការប៉ាន់ស្មាន នឹងមានអ្នកចូលរួមប្រមាណ ៣០០នាក់។
លោក បានបន្ថែមថានៅឆ្នាំ២០២១ នេះគឺជាលើកទី២ ហើយដែលក្រសួងបរិស្ថានរៀបចំកម្មវិធីបោះជំរុំក្នុងគោលបំណងទី១៖ សម្តែងនូវក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល, ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតងរបស់ USAID ផង បានចុះល្បាតចំនួន ១,៧២៨លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន ៣៧៩ករណី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print