ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង តាមរយៈវីដេអូ Conference ដើម្បីបន្តពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូកបន្ថែមទៀត នៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

ចែករំលែក៖

ភ្នំពេញ, បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បត្តិ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក (ជំពូកទី៤,ទី៥,ទី៦) ដែលមានចំនួន១១មាត្រានៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត តាមរយៈប្រព័ន្ធអនឡាញ។

លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំលើកមុនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានពិនិត្យ និងពិភាក្សាបញ្ចប់នៅលើជំពូកទី៣រួចរាល់ហើយ ដោយឡែកនៅថ្ងៃនេះនឹងបន្តពិនិត្យ និងពិភាក្សានៅលើជំពូកទី៤ ស្តីពីនីតិវិធី មាត្រាទី១១។ ជាមួយគ្នានេះ លោក មានប្រសាសន៍បន្តថា ខ្លឹមសារនៃជំពូកទី៤នេះ មាត្រានីមួយៗមានខ្លឹមសារចែងរៀងច្រើនបន្តិច ហើយឯកឧត្តម ក៏បានណែនាំឲ្យជ្រើសរើសយកពីរមាត្រាម្តង ដើម្បីពិភាក្សាគ្នាឲ្យបានល្អិតល្អន និងមានការឯកភាពគ្នា។

អង្គប្រជុំ បានពិភាក្សាសម្រេច និងឯកភាពលើជំពូកទី៤ ទាំងស្រុង ហើយក៏មានការកែសម្រួលខ្លឹមសារពាក្យមួយចំនួននៅលើជំពូកទី៥ នៅមាត្រា១៨ ផងដែរ។ ដោយឡែកជំពូកទី៦ ក៏បានពិភាក្សាបញ្ចប់ត្រឹមមាត្រា២១ ក្នុងនេះអង្គប្រជុំក៏បានលើកជាយោបល់ថា ប្រជុំពេលក្រោយនិងនិយាយតែអំពីនិយមន័យប៉ុណ្ណោះ ព្រោះដោយសារតែទាក់ទងនឹងទោសបញ្ញត្តិ ក្រសួង ស្ថានប័នមួយចំនួនមិនមានការពាក់ព័ន្ធ ក្នុងករណីនេះតម្រូវឲ្យក្រុមការងារជំនាញរបស់ក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាតែជាមួយក្រសួងយុត្តិធម៌ ត្រឹមតែជាទ្វេភាគីប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ ក៏បានស្នើឲ្យក្រុមការងារទាំងអស់ជួយពិនិត្យលើសេចក្តីព្រាងច្បាប់មួយនេះជាបន្តទៀត ជាពិសេសក្រុមការងារក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលមានការពាក់ព័ន្ធច្រើនស្រដៀងជាមួយក្រសួងមហាផ្ទៃ ឯកឧត្តម បានសង្កត់ធ្ងន់ថា ខ្លាចក្រែងមានជាន់ភារកិច្ច ឬជាប់ច្បាប់ជាមួយទូរគមនាគមន៍។ លោកក៏បានស្មើឲ្យក្រុមការងារក្រសួងមហាផ្ទៃ សហការបន្តពិនិត្យ និងពិភាក្សាទៅលើមាត្រាទី១៧, ១៨ និង១៩ នៃជំពូកទី៥ ជាមួយក្រុមការងារក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៏ ដើម្បីកុំឲ្យមានការងារជាន់គ្នា នៅក្នុងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ។

សូមជម្រាបថា, សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៩ជំពូក និង៥០មាត្រា ហើយក្រុមការងារបាននិងកំពុងបន្តដំណើរការប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាជាបន្តបន្ទាប់ ដើម្បីប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែ លប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print