ខេត្តសៀមរាប, លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១នេះថា កាលពីវេលារសៀលថ្ងៃទី០៣ កុម្ភ: មានករណីភ្លើងឆេះព្រៃ បណ្តាលឲ្យឆេះចម្ការពូជឈើធ្នុងអស់ទំហំប្រមាណជា២០ហិកតា។
លោកម៉ែន វុទ្ធី បន្តថា បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយនាយរងផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងបានចុះអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះក្នុងចម្ការពូជឈើធ្នង់មានទីតាំងស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៣រថយន្តទើបគ្រប់គ្រងស្ថានភាពបាននៅវេលាម៉ោង១៩និង៣០នាទី ។
លោកបានបញ្ជាក់ថា, មូលហេតុនៃការឆេះចម្ការពូជឈើធ្នុងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថាមានអ្នកលួចដុត។ លោកម៉ែន វុទ្ធី បន្តថា ក្រុមការងាររបស់លោកនឹងធ្វើការសេុីបអង្កេតរកជនដែលបានប្រព្រឹត្តក្នុងការទទួលខុសត្រូវ ដើម្បីចាត់វិធានការតាមច្បាប់។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នាកុំដុត និងកាប់បំផ្លាញព្រៃដែលជាទ្រព្យសម្បត្តិជាតិ៕
ប្រភព: ទទក