ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកដៃគូ ប្រមូលសំរាមអស់រយៈពេល ១ឆ្នាំ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ មកដល់ពេលនេះ សាលារាជធានីភ្នំពេញ រកបានហើយនូវក្រុម ហ៊ុនឯកជន ចំនួន ៣ ដើម្បីធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំង ៣នោះ គឺក្រុមហ៊ុនស៊ីនទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និងក្រុមហ៊ុន 800 Super/GAEA។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈលោក ចូលរួមជាអធិបតីភាព ក្នុងពិធី ប្រកាស និង ប្រគល់-ទទួលកិច្ចសន្យា ស្តីពី ការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។
លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចដកសិទ្ធិប្រមូលសំរាម នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុន ស៊ិនទ្រីដោយ ដាក់ឲ្យស្តិតក្រោមការគ្រប់គ្រងរបស់រដ្ឋជាបណ្តោះអាសន្ន។ សម្តេចតេជោ ក៏បានប្រកាសឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធររាជធានីភ្នំពញ រៀបចំបែងចែកតំបន់គ្រប់គ្រង និងប្រមូលសំរាម យ៉ាងហោច ណាស់ ៤តំបន់ ហើយដាក់ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃ ប្រមូល និងគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ ១តំបន់ប៉ុណ្ណោះ។ ការដកសិទ្ធិពីក្រុមហ៊ុនស៊ីនទ្រី ឈប់ឲ្យប្រមូលសំរាម នៅភ្នំពេញ ដោយសារតែក្រុមហ៊ុនផ្តាច់មុខយូរឆ្នាំមកហើយមួយនេះ មិនអាចគ្រប់គ្រង ប្រមូល និងដឹកជញ្ជូនសំរាមទាន់ពេលវេលា៕ សំរិត