ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តស៊េរីទំនើបមួយគ្រឿងស្លាកលេខ ខេមរភូមិន្ទឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក LEXUS RX400h ពាក់ស្លាកលេខខេមរភូមិន្ទដូចគ្នាបណ្ដាលឲ្យរងការខូចខាតផ្នែងកាងខាងក្រោយយ៉ាងដំណំ តែក៏សំណាងល្អមិនមានអ្នករងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតផ្សារជំពូវន្ត័ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TRUMPCHI ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 ’2.3236 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុករថយន្ត LEXUS RX400hពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ2 2.3538 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត ចំកាងផ្នែកខាងក្រោយ បណ្ដាលឲ្យដាច់ធ្លាក់ដល់ដីរងការខូចខាត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយមិនមានអ្នករបួស ក៏ដូចជាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ទេីបសមត្ថកិច្ចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត TRUMPCHIជាជនជាតិចិនព្រមសងសំណងទៅភាគីរថយន្ត LEXUS RX400h ដែលរងគ្រោះចំនួន៤០០ដុល្លាដើម្បីបញ្ចប់រឿង ៕
ដោយ៖ ភារ៉ា ដង្កោ