ខេត្តកំពង់ស្ពឺ: អកុសលណាស់ដែលបុរសម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងបន្ទាប់ពីនាំគ្នាទៅពន្លត់ភ្លើងឆេះរាលដល់ចម្ការអំពៅ។
ហេតុការណ៍នេះ កើតឡើងនៅចំណុចចម្ការអំពៅរបស់ក្រុមហ៊ុនហ្គ្រែតហ្វៀល ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
មេការចម្ការអំពៅម្នាក់បានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញភ្លើងឆេះរាលចេញពីភ្នំមួយមកដល់ចម្ការអំពៅនៅកន្លែងកើតហេតុខាងលើ ហើយគាត់បានបញ្ជាឲ្យកម្មករក្នុងចម្ការទៅពន្លត់ និងដុតភ្លើងកាត់ធ្វើផ្លូវកុំឲ្យឆេះរាលដាលទៅមុខទៀត។ លុះក្រោយមកស្រាប់តែមានកម្មករទូរសពសព្ទ័ប្រាប់ថា បានប្រទះឃើញមានមនុស្សត្រូវភ្លើងឆេះស្លាប់ក្នុងចម្ការអំពៅ ហើយគាត់ក៏បានប្រមូលកម្មករមកជុំគ្នា រាប់កម្មករស្រាប់តែបាត់កម្មករម្នាក់ឈ្មោះ វ៉ែង ប៊ុនតែង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកូបតូច ឃុំពុទ្ធតសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យ។
ក្រោយកើតហេតុ បើតាមសម្តីឈ្មោះ សឿន តូច ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរបរអ្នកបើកបរត្រាក់ទ័រក្នុងក្រុមហ៊ុន បានឲ្យដឹងថា ពេលដែលខ្លួនបើកត្រាក់ទ័រពីកន្លែងធ្វើការមកកាន់ការដ្ឋានជាមួយឈ្មោះ វិត និងឈ្មោះ ម៉ាប់ មកដល់ចំណុចកើតហេតុខ្លួនបានឃើញកូនជ្រូកព្រៃមួយរត់កាត់ផ្លូវ ហើយពួកខ្លួនក៏បានឈប់ត្រាក់ទ័ររត់ដេញចាប់កូនជ្រូកព្រៃ។ ភ្លាមនោះខ្លួនក៏បានប្រទះឃើញសាកសពម្នាក់ត្រូវភ្លើងឆេះ បន្ទាប់មកឈ្មោះ ម៉ាប់ ដែលដេញកូនជ្រូកព្រៃជាមួយគ្នានោះ បានទូរស័ព្ទទៅប្រាប់មេការភ្លាមថា មានមនុស្សត្រូវភ្លើងឆេះស្លាប់។ ក្រោយពីទទួលដំណឹងភ្លាមកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា សពបុរសខាងលើពិតជាស្លាប់ដោយសារភ្លើងឆេះប្រាកដមែន និងបានប្រគល់ សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕