ភ្លើងឆេះព្រៃពីភ្នំ រាលដាលដល់ចម្ការអំពៅស្លាប់កម្មករម្នាក់

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ​:  អកុសលណាស់ដែលបុរសម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងបន្ទាប់ពី​នាំគ្នា​ទៅ​ពន្លត់ភ្លើង​ឆេះ​រាល​ដល់ចម្ការ​អំពៅ។
ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ចម្ការ​អំពៅ​របស់ក្រុមហ៊ុន​ហ្គ្រែ​ត​ហ្វៀ​ល ស្ថិតក្នុង​ភូមិ​អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​
មេការចម្ការអំពៅម្នាក់បានឲ្យដឹងថាមុន​ពេលកើតហេតុគាត់បានឃើញ​ភ្លើង​ឆេះ​រាល​ចេញពី​ភ្នំ​មួយមកដល់​ចម្ការ​អំពៅនៅកន្លែងកើតហេតុខាងលើ ហើយ​គាត់​បាន​បញ្ជា​ឲ្យ​កម្មករ​ក្នុង​ចម្ការ​ទៅ​ពន្លត់ និង​ដុត​ភ្លើង​កាត់​ធ្វើ​ផ្លូវ​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅមុខទៀត​។ លុះ​ក្រោយមក​ស្រាប់​តែមាន​កម្មករ​ទូរ​សពសព្ទ័ប្រាប់ថា បាន​ប្រទះឃើញ​មាន​មនុស្ស​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ក្នុងចម្ការអំពៅ ហើយ​គាត់​ក៏បាន​ប្រមូល​កម្មករ​មក​ជុំគ្នា រាប់កម្មករស្រាប់តែ​បាត់​កម្មករ​ម្នាក់​ឈ្មោះ វ៉ែ​ង ប៊ុន​តែង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូប​តូច ឃុំ​ពុទ្ធ​ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋានឲ្យមក​ពិនិត្យ​។​
ក្រោយកើតហេតុ បើតាម​សម្តី​ឈ្មោះ សឿន តូច ភេទ​ប្រុស អាយុ ២២​ឆ្នាំ មានមុខរ​បរបរអ្នកបើកបរត្រាក់ទ័រ​ក្នុង​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ពេលដែល​ខ្លួន​បើក​ត្រាក់ទ័រ​ពី​កន្លែងធ្វើការ​មកកាន់​កា​រដ្ឋា​ន​ជាមួយ​ឈ្មោះ វិត និង​ឈ្មោះ ម៉ាប់ មកដល់​ចំណុចកើតហេតុ​ខ្លួន​បានឃើញ​កូនជ្រូក​ព្រៃ​មួយ​រត់​កាត់​ផ្លូវ ហើយ​ពួកខ្លួន​ក៏បាន​ឈប់​ត្រាក់ទ័រ​រត់​ដេញចាប់​កូនជ្រូក​ព្រៃ​។ ភ្លាមនោះ​ខ្លួន​ក៏បាន​ប្រទះឃើញ​សាកសព​ម្នាក់​ត្រូវ​ភ្លើង​ឆេះ បន្ទាប់មក​ឈ្មោះ ម៉ាប់ ដែល​ដេញ​កូន​ជ្រូកព្រៃ​ជាមួយគ្នា​នោះ បាន​ទូរស័ព្ទ​ទៅប្រាប់​មេការ​ភ្លាម​ថា មាន​មនុស្ស​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​។​  ក្រោយពី​ទទួលដំណឹង​ភ្លាម​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ពិនិត្យឃើញថា សព​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ប្រាកដ​មែន និង​បានប្រគល់ សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅគេហដ្ឋាន៕​


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print