ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ចូលរួមពិធីសំណេះសំណាល និងចែកកង់ជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួន ២៥០នាក់ នៅក្នុងស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌។
ការផ្តល់ជូនកង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ដល់សិស្សានុសិស្សក្នុងស្រុកបាណន់ នេះ គឺជាការរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស ដែលមានផ្ទះឆ្ងាយពីសាលារៀន។ ពិសេសដើម្បីជួយជំរុញឲ្យបំណងប្រាថ្នារបស់ក្មួយៗ បានសម្រេចក្នុងបេសកកម្មសិក្សារៀនសូត្រ ឈានទៅទទួលបាននូវចំណេះដឹង ចំណេះធ្វើ ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ។
ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតែបង្កការភ័យខ្លាចដល់ពិភពលោកទាំងមូលនៅឡើយ ក្នុងនោះមានទាំងកម្ពុជាយើងផងដែរ។
បើទោះបីជាប្រទេសកម្ពុជាយើង អាចគ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កម្រិតសហគមន៍បានក្តី ប៉ុន្តែកម្ពុជានៅតែមានក្តីបារម្ភ ព្រោះប្រទេសថៃ និងប្រទេសវៀតណាម កំពុងតែប្រឈមនឹងការឆ្លងរីករាលដាលនៅតាមសហគមន៍ ។
ក្នុងបរិបទដែលប្រទេសថៃ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ ជាក្តីបារម្ភសម្រាប់កម្ពុជា ព្រោះថា កម្ពុជាយើងមានពលករធ្វើការនៅប្រទេសថៃច្រើន ហើយពួកគាត់សម្រេចចិត្តវិលត្រលប់មកស្រុកវិញជាបន្តបន្ទាប់ ។ ក្នុងនោះក៏មានពលករជាច្រើននាក់មកហើយ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ-១៩ នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តាមបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃ ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាយើង អាចគ្រប់គ្រងបានជាបន្តបន្ទាប់ពីការឆ្លងរាលដាលកម្រិតសហគមន៍ ។ លើសពីនេះទៅទៀត វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងត្រូវចាក់ជូនប្រជាពលរដ្ឋខ្មែរ ប្រមាណ ៥០ម៉ឺននាក់ នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ ។
ឆ្លើយតបទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាជួយសម្រួលដល់ដំណើរការរោងចក្រ សហគ្រាស រួមទាំងធុរកិច្ច ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសេវាកម្ម ជាដើម។
ក្នុងនោះក៏មានដែរ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ-១៩ ដែលបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២០។ រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋរហូតដល់ជាង ៦៨ម៉ឺនគ្រួសារ បានទទួលផលពីកម្មវិធីនេះ។ បើទោះបីជាចំនួនប្រាក់ឧបត្ថម្ភនៅមានកម្រិត តែវាបានបង្ហាញនូវទឹកចិត្ត និងស្មារតីគិតគូរទៅដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាពទៅតាមស្មារតីរួមរបស់ថ្នាក់ដឹកនាំ ពោលគឺ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានគូសបញ្ជាក់ថា “យើងមិនបណ្តោយឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ” ។
ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ តែងតែចុះជួយអន្តរាគមន៍ និងសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទិសទី នៅទូទាំងប្រទេស សំដៅធ្វើយ៉ាងណាសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការលំបាកផ្នែកជីវភាព៕
ដោយ, សិលា