រថយន្តយីឌុបដឹកដំឡូងមីលើសទម្ងន់បើកឡើងលើស្ពាន ដែកបេឡេបាក់ស្រុតកកស្ទះចរាចរណ៍រាប់ម៉ោង

ចែករំលែក៖

ខេត្តក្រចេះ៖ ស្ពានដែកបេឡេ​ប្រវែង​ជាង១០​ម៉ែត្រ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣ ត្រង់​ចំណុច​ជាប់​ព្រំដែន​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវបានបាក់ស្រុតទាំងស្រុង ក្រោយពីមានរថយន្តយីឌុបខ្នាតយក្ស ដឹកដំឡូងមីលើសទម្ងន់មួយគ្រឿងបើកឆ្លងកាត់ បណ្តាលឱ្យបាក់ស្រុតស្ពានតែម្តង ។ យ៉ាងណាក៏ដោយក្រោយពីស្ពានដែកបេឡេមួយនេះបាក់ស្រុតរួចមក គឺមានរថយន្តតូច,ធំរាប់រយគ្រឿងត្រូវបានកកស្ទះពេញផ្លូវអស់ជាច្រើនម៉ោង ។

នគរបាលស្រុកឆ្លូងបានឱ្យដឹងថា ហេតុការណ៍បាក់ស្ពានដែកបេឡេមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ តែក្នុងហេតុការណ៍នោះគឺមិនបង្កឱ្យមានអ្នកស្លាប់ឬរបួសនោះទេ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ ។

អាជ្ញាធរស្រុកឆ្លូងបាននិយាយថា ក្រោយពីកើតហេតុអាជ្ញាធរបានឈូសឆាយផ្លូវថ្មីនៅក្បែរនិងស្ពានបាក់ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ មិនឲ្យមានការកកស្ទះ ជាងនេះទៀតក៏មានកម្លាំងនគរបាលចរាចរណ៍នៅជួលសម្រួល និងធ្វើចរាចរណ៍នៅទីនោះផងដែរ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នគឺមានរថយន្តយីឌុបដឹកដំឡូងមីលើសទម្ងន់រាប់សឹបគ្រឿង ក្នុងមួយថ្ងៃៗ ចេញពីតំបន់ផ្សេងៗក្នុងខេត្តក្រចេះ កំពុងតែបើកបរបំផ្លាញ ផ្លូវ,ស្ពាន ឱ្យបាក់ស្រុត ដោយមិនមានការទប់ស្តាត់ពីសំណាក់អាជ្ញាធរ ។ ចំណែកមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះ បានអះអាងថា នៅលើផ្លូវជាតិលេខ៧៣ក្រចេះ,ឆ្លូងនេះ គឺមិនមានក្រុមការងាររបស់មន្ទីរ ឬជញ្ជីងថ្លឹងរថយន្តនោះទេ ។

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះលោក ស្រេង ស្រស់ បានឱ្យដឹងថា ស្ពានដែកបេឡេ ដែលរងការបាក់ស្រុតនេះ គឺជាស្ពានសាងសង់ដោយកងវិស្វកម្ម របស់ក្រសួងការពារជាតិ ហើយស្ពាននេះជាស្ពានផ្លូវវាង ក្រោយពីស្ពានដែកបេឡេចាស់ត្រូវបានរុះរើដើម្បីសាងសង់ស្ពានបេតុងថ្មី ។

លោកបន្តថា រថយន្តដឹកដំឡូងមីដែលបំផ្លាញស្ពាននេះ ជាប្រភេទរថយន្តយីឌុបភ្លៅប្រាំ មានដឹកដំឡូងមីស្រស់ពេញរថយន្ត តែលោកមិនដឹងថាតើរថយន្តនេះមានផ្ទុកដំឡូងមីប៉ុន្មានតោននោះទេ ព្រោះនៅលើដងផ្លូវជាតិលេខ៧៣ នេះ គឺមិនមានក្រុមការងាររបស់លោកនៅចាំត្រួតពិនិត្យឡើយ ។

លោកបញ្ជាក់ថា រឿងបាក់ស្ពានដែកបេឡេនេះ គឺមិននៅក្រោមការគ្រប់គ្រងរបស់មន្ទីរនោះទេ គឺក្រោមការមើលថែររបស់ក្រុមអ្នកសាងសង់ស្ពាន ចំណែករថយន្តបង្កត្រូវបានម្ចាស់មកទាញអូសហើយបានបើកបរចេញទៅបាត់ ដោយមានតំណាងម្ចាស់រថយន្តម្នាក់ ចេញមុខមកសម្របសម្រួលជាមួយក្រុមការងារសាងសងស្ពាន ៕

IMG-20160226-WA0045

20160226_102304

20160226_103035

20160226_103440

20160226_104240

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print