ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ ស្មើនឹង០៥គ្រួសារ
ត្រូវអគ្គិភ័យបំផ្លាញគ្មានសល់កាលពីវេលាម៉ោង១២នឹង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្តសៀមរាប បានឲ្យដឹងថា មានករណីទុស្សេខ្សែភ្លើងមួយបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះ ស្មើនឹង០៥គ្រួសារ៖ ផ្ទះទី១-ឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ បណ្តាលឲ្យរងការខូចខាត ផ្ទះ១ខ្នងទំហំ៤ម៉ែត្រ×១៨ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ខ្សែកប្លាទីនចំនួន១ខ្សែ តម្លៃ១២០$ ខ្សែដៃប្លាទីនចំនួន១ខ្សែ តម្លៃ៣២០$ ចិញ្ចៀនប្លាទីន ចំនួន១វង់ តម្លៃ១០០$, ប្រាក់ខ្មែរ ប្រហែល២លានរៀល, សៀវភៅស្នាក់នៅ(ក២) ចំនួន០១ក្បាល។ ផ្ទះទី២-ឈ្មោះ រុន រី ភេទប្រុស អាយុ៤០ឆ្នាំ បណ្តាលឲ្យរងការខូចខាត ផ្ទះ១ខ្នងទំហំ៤ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង, ប្រាក់ខ្មែរ ប្រហែល១លានរៀល, ដុល្លារប្រហែល២០០$, សៀវភៅស្នាក់នៅ(ក២) និង សំបុត្រកំណើត។ ផ្ទះទី៣-ឈ្មោះ ម៉ែន គ្រួច ភេទប្រុស អាយុ៣៥ឆ្នាំ ប្រជាការពារភូមិខ្នារ(ខ្នារ១៤) បណ្តាលឲ្យរងការខូចខាត ផ្ទះ១ខ្នងទំហំ៥ម៉ែត្រ×៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង, ព្រមទាំងទូដាក់ខោអាវ និងចានឆ្នាំងមួយចំនួន។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងរថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១នឹង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ។ យ៉ាងណាក្នុងករណីនេះមិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ៕