ភ្នំពេញ, នៅថ្ងៃទី៦ ខែកុម្ភៈ ស្អែកនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា,ខេត្តបាត់ដំបង មិនត្រឹមតែជាជង្រុកស្រូវ និងអំណោយផលដល់វិស័យកសិកម្មតែប៉ុណ្ណោះទេ តែខេត្តនេះជាទីស្ថាននៃមជ្ឈមណ្ឌលសាសនារបស់កម្ពុជា ហើយក៏ខេត្តដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មតាមរយៈច្រកអន្តរជាតិនានាផងដែរ។ ខេត្តនេះ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចំងាយ ២៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់ខេត្តពោធិសាត់ និងបឹងទន្លេសាប ខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តពោធិសាត់។ ខេត្តនេះ មានផ្ទៃដីសរុប ១១.៧៤៨គីឡូម៉ែត្រការ៉េ បែកចែកជា ១៤ក្រុង/ស្រុក ១០២ឃុំ/សង្កាត់ ស្មើនឹង ៨០៩ភូមិ និងមានគ្រួសារចំនួន ២៥៨.៦៨២គ្រួសារ ស្មើនឹង ១.២០៥.០៥០នាក់ ក្នុងនោះស្រ្តី ៦០២.៩៩៤នាក់។ នេះបើ(យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង)
សូមផ្តល់កិត្តិយស និងការសរសេីរជូនម្ចាស់រូបទាំងអស់៕
ដោយ, សិលា