កូរ៉េខាងជើង៖ រំពឹង​អាច​ទទួលបាន​វ៉ាក់សាំង AstraZeneca-Oxford ជិត​២​លាន​ដូ​ស​នៅ​ដើមឆ្នាំ​២០២១នេះ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាម​ការប្រកាស​របស់​សម្ពន្ធ GAVI ដែល​បាន​ផ្ចុងផ្ដើម​បង្កើត COVAX បានបញ្ជាក់ថា​ កូរ៉េខាងជើង ដែល​នៅតែ​អះអាងថា ប្រទេសមួយនេះ​ គ្មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សូម្បី​មួយ​ករណី​នោះទេ មិនតែប៉ុណ្ណោះ​ ក៏បាន​ស្នើសុំ​វ៉ាក់សាំង​ពី​យន្តការ COVAX ដែរ​។ ខណៈកូរ៉េខាងជើង រំពឹង​អាច​ទទួលបាន​វ៉ាក់សាំង AstraZeneca-Oxford ជិត​២​លាន​ដូ​ស​នៅ​ដើមឆ្នាំ​២០២១នេះ ដែល​បរិមាណ​នេះ​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ពី​ប្រទេស​ជាច្រើន​ទៀត​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​ដែរនោះ​។​

​ជាក់ស្តែងក្នុងការ​ប្រកាស​របស់ GAVI នៅ​ថ្ងៃទី​៣ ខែកុម្ភៈថ្មីៗនេះ​ វ៉ាក់សាំង​នេះ ត្រូវការ​ការយល់ព្រម​ឱ្យប្រើ​ប្រាស់​បន្ទាន់​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក (WHO) សិន មុន​ដំណើការ​ដឹកជញ្ជូន ដែល​អាច​ចាប់ផ្ដើម​នៅ​ចុងខែ​កុម្ភៈ​។​ បន្ទាប់ពីក្នុង​របាយការណ៍​គម្រោង​ចែង​ចាយ​បណ្ដោះអាសន្ន​របស់ COVAX កូរ៉េខាងជើង នឹង​ទទួលបាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​ដោយ​ក្រម​ហ៊ុន Serum Institute របស់​ឥណ្ឌា​ចំនួន​១,៩៩​លាន​ដូ​ស​។

​សូមជម្រាបថា​ ចំពោះការប្រកាស​របស់​សម្ព​ន្ធ GAVI ជាការ​បញ្ចេញ​ព័ត៌មាន​លើកដំបូង​ដែល​កូរ៉េខាងជើង សុំ​ជំនួយ​អន្តរជាតិ​ជា​ផ្លូវការ​។ ព្រោះកូរ៉េខាងជើង ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​ទន់ខ្សោយ ហើយ​ប្រឈមមុខ​ខ្លាំង​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​ប្រព័ន្ធ​សុខាភិបាល​យ៉ាប់យ៉ឺន​នោះ​។

​បើទោះបីជាយ៉ាងណាក៏ដោយ ខណៈ​ជំងឺ​កូ​វីដ​-៩ រាលដាល​ស្ទើរ​ពេញ​ពិភពលោក​ទៅហើយនោះ ប៉ុន្តែកូរ៉េខាងជើង​ ​នៅតែ​អះអាងថា ខ្លួន​មិនមាន​ករណី​ឆ្លង​ឡើយ​សូម្បី​តែមួយ​។ ប្រទេស​នេះ​ក៏​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​ផងដែរ​ក្នុងការ​ទប់ស្កាត់​ករណី​ឆ្លង​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឱ្យ​ប្រហារជីវិត​មនុស្ស​២​នាក់ និង​បានដាក់​បម្រាម​នេសាទ​នៅ​ដែនសមុទ្រ ព្រមទាំង​បិទ​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។

ជាមួយគ្នានេះ​ ទីក្រុង​ព្យុងយ៉ាង ក៏បាន​ប្រតិកម្ម​ខ្លាំង​លើ​ការអធិប្បាយ​ណាមួយ​ទាក់ទង​ស្ថានភាព​ក្នុងប្រទេស​ផងដែរ​។ អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ប្អូនស្រី​លោក គីម ជុង​អ៊ុន រិះគន់​មិន​សំចៃមាត់​លើ​រដ្ឋមន្ត្រី ការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha ចំពោះ​ការសង្ស័យថា គ្មាន​ករណី​វិជ្ជមាន​សូម្បី​តែមួយ​នេះ​៕ដោយ៖ស​ តារា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print