ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនដូចហោះហើយពេលជួបឧបសគ្គចាប់ហ្វ្រាំងបង្ខំបណ្តាលឲ្យដួលបោក និងរបាំងដែកពុះចែងទ្រូងផ្លូវដួលរបួសធ្ងន់សន្លប់ជិតកន្លះម៉ោងទើបដឹងខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវ១៨៤ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ។
លុះមកដល់ចំណុចជិតស្តុបព្រះមុនីវង្សដោយសារជនរងគ្រោះស្រវឹងខ្លាំងផងនោះបានចាប់ហ្វ្រាំងម៉ូតូខាងមុខទាំងបង្ខំ បណ្តាលឲ្យដួលបោកនឹងរនាំងដែកពុះចែកផ្លូវ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងជិតកន្លះម៉ោងទើបដឹងខ្លួន ។
បន្ទាប់មកប្រជាពលរដ្ឋនៅក្បែរនោះអាណិតពេកក៏បាននាំគ្នាចេញមកជួយសែងជនរងគ្រោះយកទៅដាក់ចិញ្ចើមផ្លូវនិងបានជួយគក់ច្របាច់ព្រមទាំងបាន ហៅរថយន្តសង្គ្រោះមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ទើបសមត្ថកិច្ចមូលដ្ឋានទៅដល់ប្រគល់ម៉ូតូរបស់ជនរងគ្រោះឲ្យមិត្តភក្តិដឹកតាមរ៉ឺម៉កម៉ូតូ យកទៅផ្ទះជនរងគ្រោះវិញ ៕
ដោយ៖ ប្រាថ្នា