ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងមានវត្តមាននៅខេត្តបាត់ដំបង ហើយនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កម្មវិធីនាព្រឹកនេះក៏មានវត្តមាន លោក ស សុខា លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមទាំងវត្តមានឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍ស.ស.យ.ក. គណៈកម្មាធិការកណ្តាល ស.ស.យ.ក ប្រធាន/អនុប្រធាន ស.ស.យ.ក. ខេត្ត និងសមាជិក សមាជិកាស.ស.យ.ក. ខេត្តបាត់ដំបងអញ្ជើញចូលរួមអបអរសាទរសមិទ្ធផលថ្មីទាំងនេះផងដែរ។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២០នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង កសាងបានសមាជិក សមាជិកា ចំនួន៧៥២៨នាក់ (ស្រី៤១០០នាក់) ទូទាំង១៤ ក្រុង/ស្រុក របស់ខេត្ត ហើយដែលកំពុងរីកលូតលាស់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ ស.ស.យ.ក. ខេត្តបាត់ដំបង បានបំពេញតួនាទីរបស់ខ្លួនជាច្រើនក្នុងបេសកកម្ម សង្គម និងមនុស្សធម៌ ជាពិសេសការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលថ្មីៗនេះ រួមជាមួយសកម្មភាពអប់រំ និងកីឡា, ការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា, អនាម័យ និងបរិស្ថាន និងកិច្ចការផ្សេងៗទៀតដែលជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ៕
ដោយ, សុខ ខេមរា