ភ្នំពេញ,ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា Council for the Development of Cambodia បានចេញ
សេចក្តីជូនដំណឹង បញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព. ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងលោក ម៉ាសាហ៊ី មីទាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា នឹងដឹកនាំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោម ក្របខណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការ ការពារវិនិយោគ ដែលត្រូវបាន ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំអ្នកវិនិយោគដែលបានផ្តល់ឱកាសឱ្យអ្នកវិនិយោគ ជប៉ុនលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និង សំណូមពរជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និង រកដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។
កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនត្រូវបានរៀបចំឡើង ចំនួន ២ ដងក្នុងមួយឆ្នាំដោយកិច្ច ប្រជុំលើកទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩៕
ដោយ, សុខ ខេមរា