ភ្នំពេញៈ បន្ទាប់ពីពិនិត្យឃើញមានជនអនាថាមួយចំនួនកំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ឬតាមភ្លើងស្តុបក្នុងការដើរសុំទានគេ ឬ ហិតកាវនោះអាជ្ញាធរសង្កាត់ចោមចៅបានមានវិធានការណ៍ចុះប្រមូលជនអនាថា សុំទាន ហិតកាវ ទាំងនោះបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីដើម្បីធ្វើការអប់រំ ។
ការប្រមូលជនអនាថានេះបានប្រព្រឹត្តទៅនាវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ និងផ្លូវវេងស្រេង ដោយឃាត់ខ្លួនបាន៨នាក់ ប្រគល់និងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីយកទៅអប់រំភ្លាមៗ។
មន្រី្តសាលាសង្កាត់ចោមចៅបានឲ្យដឹងថា កន្លងមកជនអនាថាខាងលើទាំង៨នាក់នេះ ត្រូវបានអាជ្ញាធរសង្កាត់មានវិធានការអបរំដល់ពួកគេ ឲ្យបានរៀនសូត្រ និងមានការងារធ្វើផងដែរតែគេមិនព្រមទៅរៀនបែរជាដើរ ហិតកាវឬ សុំទានគេបង្កឱ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។
មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យខូចអនាគតដូចជាអំពើលួច ឆក់ ដែលសង្គមស្អប់ខ្ពើម និងអាចប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង។ ដូច្នេះហើយទើបអាជ្ញាធរសង្កាត់សម្រេចដើរប្រមូលយកទៅអប់រំនៅមន្ទីរសង្គមកិច្ចរាជធានីតែម្តង ៕
ដោយ៖ ប្រាថ្នា