អគ្គលេខាធិការ UN៖ បង្ហាញការគាំទ្រប្រជាជនមីយ៉ាន់ម៉ា «ធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី» ដើម្បីជំទាស់នឹងរដ្ឋប្រហារយោធា

ចែករំលែក៖

អន្តរជាតិ​៖ បេីយោងតាមរយៈបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៍មាន CNA តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានចុះផ្សាយថា​ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres)​ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រចំពោះសិទ្ធិនៃប្រជាជនមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី ដើម្បីសម្ដែងការជំទាស់ទៅនឹងរដ្ឋប្រហារយោធា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច។

ជាក់ស្តែងលោក អាន់តូនីញ៉ូ ហ្គូទែរែស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ «រដ្ឋប្រហារគឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត នៅក្នុងពិភពលោកសម័យទំនើបនេះ ហើយខ្ញុំប្រឆាំង និងថ្កោលទោសរដ្ឋប្រហារ»។ បន្ថែមពីនេះប្រមុខ UN រូបនេះ​ បន្តទៀតថា លោកសូមផ្ដល់អនុសាសន៍ឱ្យប្រជាជនមីយ៉ាន់ម៉ា ប្រឆាំងភាពអយុត្តិធម៌ ឬរដ្ឋប្រហារ តែគួរតែធ្វើវាដោយសន្តិវិធី។

សូមជម្រាបថា​ ប្រជាជនមីយ៉ាន់ម៉ា​ រាប់ពាន់នាក់នៅថ្ងៃសៅរ៍ទី៧​កុម្ភៈ​នេះ ពួកគេបាននាំគ្នាចុះតាមដងផ្លូវដើម្បីធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។

គួរបញ្ជក់ថា​ បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារយោធានេះ កើតមានឡើងតបតាមការអំពាវនាវរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលដែលរដ្ឋាភិបាលថ្មីរបស់យោធា កំពុងចាត់វិធានការរឹតត្បិតលើប្រព័ន្ធអ៉ិនធើណិត តាមរយៈការបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print