ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលមានជំនាញខាងគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការឃាត់ខ្លួន ខណ:ដែលជននេះកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងនៅក្នុងបុរីលឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះម៉ៅ ទិត្យ ភេទប្រុស ឣាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោកវរសេនីយ៍ទោ ជាង ហុកសែ
ឣធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការល្បាតពួនស្ទាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដើរចូលទៅក្នុងផ្ទះល្វែងរួចធ្វើសកម្មភាពគាស់ទ្វារបម្រុងចូលលួចទ្រព្យសម្បត្តិ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យហើយធ្វើការឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់និងសោមួយឈុត រួចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិនគរបាលរដ្ឋបាលដង្កោដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពទាំងទឹកមុខញញឹមញញែមថា រូបគេធ្លាប់ធ្វើសកម្មភាពលួចគាស់ទ្វារយកទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេចជាច្រើនដងមកហើយ ហើយគ្រឿងញៀន១កញ្ចប់នេះគឺរូបគេទិញចំនួន១០ដុល្លារទុកសម្រាប់ជក់កុំឲ្យងងុយដេក។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះឣាសន្ននៅឣធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ