ក្រោយពីមានបាតុកម្មកាន់តែខ្លាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសរៀបចំការបោះឆ្នោតឡើងវិញ

ចែករំលែក៖

ប្រទេសភូមា, មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ​ក្រោយពីពលរដ្ឋមីយ៉ាន់ម៉ានាំគ្នា ធ្វើបាតុកម្មកាន់តែកើនឡើង ហើយសហគមន៍អន្តរជាតិក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរដល់ការធ្វើរដ្ឋប្រហារនិងការចាប់ខ្លួន ថ្នាក់ដឹកនាំដែលពលរដ្ឋបោះឆ្នោតគាំទ្រ។

អគ្គមេបញ្ចាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍​Min Aung Hlaing បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «កម្លាំងទាហាននឹងបង្កើតឲ្យមានប្រជាធិបតេយ្យពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ ​​ខុសពីរដ្ឋាភិបាលនាពេលកន្លងមក​។​ គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានយកហេតុផល​នៃការឆ្លងរាលដាលកូវីដ​-១៩ ​ដើម្បីរារាំងការឃោសនាបោះឆ្នោត ​ដោយមានតម្លាភាព​។ បញ្ហាទាំងឡាយត្រូវតែកែទម្រង់ ។​ យើងនឹងមានការបោះឆ្នោត ដោយមានគណបក្សជាច្រើនចូលរួម​ ​ហើយកម្លាំងទាហាននឹងផ្តល់អំណាច​ទៅឲ្យគណបក្សដែលទទួលបានជ័យជម្នះ»។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកាសដោយបើកចំហក្រោយការធ្វើរដ្ឋប្រហារ គឺក្នុងពេលដែលបាតុកម្មនៅក្នុងប្រទេសនេះកើនកម្តៅកាន់តែខ្លាំងឡើង ហើយពលរដ្ឋចូលរួមកាន់តែច្រើន​។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ សមាជិកជាន់ខ្ពស់នៃគណបក្ស សម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ​ (NLD) កាលពីថ្ងៃទី៨ខែកុម្ភៈ បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres អំពាវនាវដល់​អង្គការសហប្រជាជាតិ ប្រើគ្រប់វិធានការច្បាប់​ដើម្បីប្រែក្រឡាស់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា​។
ការប្រកាសរបស់ថ្នាក់ដឹកនាំយោធាស្តីពីការបោះឆ្នោតឡើងវិញនេះ គឺមិនទាន់កំណត់ថាពេលវេលាណានោះឡើយ ។ កន្លងមក មេដឹកនាំយោធាបានប្រកាសថា ការរៀបចំបោះឆ្នោត គឺក្រោយច្បាប់អាជ្ញាសឹក​បានបញ្ចប់​ក្នុងរយៈពេល​១ឆ្នាំ ទើបរៀបចំការបោះឆ្នោតឡើងវិញ៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print