អគ្គិភ័យឆេះបំផ្លាញហាង​កាត់ដេរ ហាង​លក់​ខោអាវ​ស្បែកជើង ហាង​លក់​ផ្កា អស់គ្មានសល់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ អគ្គិភ័យបានឆេះបំផ្លាញហាង​កាត់ដេរ ហាង​លក់​ខោអាវ​លក់ស្បែកជើង ហាងលក់ផ្កាមួយកន្លែងគ្មានសល់នាយប់ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅខាងកើត​ផ្សារ​ថ្មី​ប៉ោយប៉ែត​ហៅ​ផ្សារ​អ​គ្គៈ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ម្ចាស់​ហាង​ទាំង ៣​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន ១.​ឈ្មោះ​សុខ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ មុខរបរ​លក់​ខោអាវ​និង​ស្បែកជើង​យុវវ័យ ។ ២.​ឈ្មោះ​នឹម គង្គា ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​មុខរបរ​កាត់ដេរ​ទេព​ប្រណិត​កាត់ដេរ និង​៣.​ឈ្មោះ ជុច ចន្ថា អាយុ​៤៥​ឆ្នាំ​ភេទ​ប្រុស រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត មុខរបរ​លក់​មុខ​ផ្កាម្លិះ​។​

សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេល​កើតហេតុ​នោះ ភ្លើង​បានឆេះ​ចេញពីផ្ទះ​យីហោ​ទេព​ប្រណីត​កាត់ដេរ ដោយសារទុស្សេ​ខ្សែភ្លើង​នៅ​ជាន់​ឡៅតឿ ហើយ​បន្ត​ឆេះ​ពី​ឡៅតឿ​រហូត​តែម្តង។ ពេល​ភ្លើង​កំពុង​ឆេះ​នោះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង ជួយ​បាញ់​ទឹក​ព​ន្ល​ត់ ក្នុងនោះមាន​រថយន្ត​អធិការដ្ឋាន​ក្រុងប៉ោយប៉ែត ១​គ្រឿង​រថយន្ត​ក្រុមហ៊ុន​កាស៊ីណូ​ស្តា​រវេ​ហ្គាស់ ១​គ្រឿង រថយន្ត​ក្រុមហ៊ុន​កាស៊ីណូ​ត្រូពី​កា​ណា​១​គ្រឿង​។  ​ការធ្វើអន្តរាគមន៍របស់ក្រុមពន្លត់អគ្គិភ័យបានចំណាយពេល​ប្រហែល​ជិត​ពីរ​ម៉ោង ទើបភ្លើងរលត់ជាស្ថាពរហើយគ្រប់គ្រង​ស្ថានការណ៍បាន ប៉ុន្តែ​ទ្រព្យសម្បត្តិ​ក្នុង​ហាង​ត្រូវ​ឆេះ​ខូចខាត​អស់​ទាំងស្រុងទៅហើយ៕​

...

ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print