ខេត្តបន្ទាយមានជ័យ÷ អគ្គិភ័យបានឆេះបំផ្លាញហាងកាត់ដេរ ហាងលក់ខោអាវលក់ស្បែកជើង ហាងលក់ផ្កាមួយកន្លែងគ្មានសល់នាយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅខាងកើតផ្សារថ្មីប៉ោយប៉ែតហៅផ្សារអគ្គៈ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ម្ចាស់ហាងទាំង ៣ដែលត្រូវភ្លើងឆេះមាន ១.ឈ្មោះសុខ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ មុខរបរលក់ខោអាវនិងស្បែកជើងយុវវ័យ ។ ២.ឈ្មោះនឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតមុខរបរកាត់ដេរទេពប្រណិតកាត់ដេរ និង៣.ឈ្មោះ ជុច ចន្ថា អាយុ៤៥ឆ្នាំភេទប្រុស រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរលក់មុខផ្កាម្លិះ។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនោះ ភ្លើងបានឆេះចេញពីផ្ទះយីហោទេពប្រណីតកាត់ដេរ ដោយសារទុស្សេខ្សែភ្លើងនៅជាន់ឡៅតឿ ហើយបន្តឆេះពីឡៅតឿរហូតតែម្តង។ ពេលភ្លើងកំពុងឆេះនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ជួយបាញ់ទឹកពន្លត់ ក្នុងនោះមានរថយន្តអធិការដ្ឋានក្រុងប៉ោយប៉ែត ១គ្រឿងរថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស់ ១គ្រឿង រថយន្តក្រុមហ៊ុនកាស៊ីណូត្រូពីកាណា១គ្រឿង។ ការធ្វើអន្តរាគមន៍របស់ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលប្រហែលជិតពីរម៉ោង ទើបភ្លើងរលត់ជាស្ថាពរហើយគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែទ្រព្យសម្បត្តិក្នុងហាងត្រូវឆេះខូចខាតអស់ទាំងស្រុងទៅហើយ៕
ដោយ÷ ប្រាថ្នា