សម្ដេចក្រឡាហោម ស ខេង ណែនាំដល់ក្រុមការងារចុះមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដោះស្រាយភ្លាមៗនូវសំណូមពររបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ,បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំទៅដល់ ក្រុមការងារចុះមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវដោះស្រាយភ្លាមៗនូវសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៃការរស់នៅរបស់ពួកគាត់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្រុមការងារចុះមូលដ្ឋាន និងសមត្ថកិច្ច ត្រូវកាន់គោលការណ៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដោយមាន តម្លាភាព និងត្រឹមត្រូវ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «មន្ដ្រីចុះមូលដ្ឋានត្រូវផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ជូនប្រជពលរដ្ឋ និងមន្ដ្រីរាជការនៅថ្នាក់ក្រោម រួចហើយអំពាវនាវឲ្យមានការចូលរួមគាំទ្រ និងអនុវត្តក្នុងគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើតាមហ្នឹងទៅអត់ខុសទេ ខ្ញុំហ៊ានធានាថា មិនខុស ដោយសារប្រជាជនយើងគាត់ចង់បានអ្វី យើងធ្វើតាមនឹងទៅ»។

សម្ដេចក្រឡាហោម ស ខេង បានលើកឧទាហរណ៍ថា «មានប្រជាជនស្រែកថា មានគ្រឿងញៀន មានចោរប្លន់ មានល្បែងស៊ីសង់ យើងត្រូវចាត់ទុកថា ជាកញ្ចក់បានឆ្លុះឲ្យយើងឃើញ ទ្រឹស្ដីនយោបាយថា មហាជន និងប្រជាជន ជាកញ្ចក់។ ដូច្នេះ ការទាមទារ និងសំណូមពរទាំងឡាយរបស់ប្រជាជនត្រូវចាត់ទុកថា ជាកញ្ចក់ ហើយយើងយកមកឆ្លុះ ដើម្បីបម្រើពួកគាត់វិញ» ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា ធ្វើអ្វីក៏ដោយឲ្យតែធ្វើតាមការសំណូមពររបស់ ប្រជាពលរដ្ឋ នឹងទទួលបានជោគជ័យ។ សម្ដេចក្រឡាហោម បានបន្ដថា ប្រសិនបើធ្វើផ្ទុយពីបំណងប្រជាពលរដ្ឋ នឹងមិនបានទទួលជោគជ័យឡើយ ទោះបីមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ។

សូមជម្រាបថា លក្ខណសម្បត្តិរបស់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ថ្មី មាន៧ចំណុច ដូចជា ៖

ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកប ដោយប្រសិទ្ធភាព៕

...

ដោយ ៖ សុខ ខេមរា
,

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print