ប្ដីប្រពន្ធក្រីក្រមួយគូរស់នៅក្នុងភូមិតូចមួយនៅក្នុងទីក្រុងឡុងដ៍ ពួកគាត់មានកូនប្រុសតែម្នាក់ប៉ុណ្ណោះ។ ពួកគាត់បានផ្គត់ផ្គង់ឱ្យកូនប្រុសរបស់គាត់ ទទួលបានការសិក្សាយ៉ាងល្អបំផុត។ ក្រោយមក កូនគាត់បានបញ្ចប់ការសិក្សា ហើយក៏បានក្លាយជាវិស្វករ។ មិនយូរប៉ុន្មាន កូនប្រុសរបស់គាត់បានរៀបការជាមួយកូនស្រីអ្នកមានម្នាក់។
ដំបូង ពួកគេបានរស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិ។ ប៉ុន្តែ ក្រោយមក ប្រពន្ធគាត់មានការធុញទ្រាន់នឹងជីវិតរស់នៅរបៀបអ្នកភូមិ រួចបានបញ្ចុះបញ្ចូលប្ដីដើម្បីផ្លាស់ទីទៅទីក្រុង ចាកចេញពីឪពុកម្ដាយចាស់ដែលរស់នៅក្នុងភូមិ។
ពេលវេលាបានកន្លងផុតទៅ នៅ Barnet គាត់ជាមនុស្សដែលជោគជ័យម្នាក់ គាត់បានរស់នៅទីនោះជាច្រើនឆ្នាំជាមួយប្រពន្ធរបស់គាត់។ គាត់តែងតែផ្ញើប្រាក់ទៅឪពុកម្ដាយរបស់គាត់យ៉ាងទៀងទាត់។
ពេលវេលាក៏ចេះតែកន្លងពីមួយថ្ងៃទៅមួយថ្ងៃ គាត់ក៏លែងសូវទំនាក់ទំនងផ្ញើលុយកាក់ទៅ ហើយព្រមទាំងបំភ្លេចឪពុកម្ដាយនៅស្រុកភូមិនោះតែម្ដង។ នៅថ្ងៃមួយ គាត់បានយល់សុបិនយ៉ាងចម្លែក។ ក្នុងសុបិននោះ មានមនុស្សបានប្រាប់គាត់ ឱ្យទៅលេងឪពុកម្ដាយរបស់គាត់។
គាត់ក៏បានជិះយន្តហោះទៅដល់ភូមិដែលឪពុកម្ដាយរបស់គាត់រស់នៅ ប៉ុន្តែ អ្វីៗត្រូវបានផ្លាស់ប្តូរអស់គ្មានសល់។ គាត់រកផ្ទះគាត់មិនឃើញ ហើយគាត់ក៏ទៅសួរក្មេងប្រុសម្នាក់ដែលដើរកាត់ទីនោះ។ ក្នេងប្រុសបាននិយាយប្រាប់គាត់ថា៖ “នៅក្នុងផ្ទះនេះ មានស្ត្រីចំណាស់ពិការភ្នែកម្នាក់ ស្វាមីរបស់គាត់បានស្លាប់ចោល ហើយដោយទុកឱ្យគាត់រស់នៅតែម្នាក់ឯង។ គាត់មានកូនប្រុសម្នាក់ដែលបានរៀបការជាមួយកូនស្រីអ្នកមាន ហើយទៅរស់នៅឆ្ងាយ ដែលមិនដែលមកលែងគាត់ទាល់សោះ។ គាត់គួរឱ្យអាណិតណាស់។”
គាត់ដើរចូលក្នុងផ្ទះ ហើយដើរទៅរកម្ដាយរបស់គាត់នៅលើគ្រែ។ គាត់បានទៅក្បែរម្ដាយរបស់គាត់ ដោយមមិនឲ្យឮសំឡេងព្រោះខ្លាចម្ដាយភ្ញាក់។
រំពេចនោះ គាត់បាបាឮសំឡេងម្ដាយរបស់គាត់និយាយទាំងខ្សាវៗថា៖ “ឳ! ព្រះជាម្ចាស់អើយ! អាយុខ្ញុំចាស់ណាស់ហើយ ភ្នែកក៏ងងឹត ប្ដីក៏ស្លាប់ចោល ចឹងគ្មានអ្នកណាយកខ្ញុំទៅបញ្ចុះទេពេលដែលខ្ញុំស្លាប់ទៅ។ ខ្ញុំសុំបួងសួងសូមឱ្យកូនប្រុសខ្ញុំត្រឡប់មករកខ្ញុំវិញផង។”
និយាយតែប៉ុន្មានម៉ាត់នេះ គាត់ក៏ដាច់ខ្យល់ស្លាប់ទៅ។ ទឹកភ្នែករបស់កូនប្រុសហូរស្រក់ចុះ ព្រោះតែមិនទាន់បាននិយាយអ្វី សូម្បីតែមួយម៉ាត់ជាមួយម្ដាយជាលើកចុងក្រោយផង។ គាត់នឹកស្តាយមិនគួរណាទុកឪពុកម្ដាយរបស់គាត់ចោលបែបនេះទេ។ គាត់នឹកឃើញគ្រាដែលគាត់នៅតូច ហើយឪពុករបស់គាត់ប្រឡែងលេងជាមួយគាត់។ នឹកដល់សំឡេងបំពេរដែលម្ដាយរបស់គាត់ធ្លាប់បានបំពេរគាត់ឱ្យគេងលក់។
ទីបំផុត ការស្តាយក្រោយរបស់កូនប្រុសពិតជាហួសពេលហើយ ព្រោះអ្នកមានគុណរបស់គាត់ទាំងពីរបាន លាចាកលោកនេះគ្មានថ្ងៃត្រឡប់មកវិញឡើយ។
រឿងនេះបង្កប់ន័យអប់រំ៖ ម្ដាយទទួលការលំបាក និងឈឺចាប់ខ្លាំងណាស់ ទម្រាំតែបង្កើតបានកូនម្នាក់ៗ និងទម្រាំចិញ្ចឹមដល់ធំពេញរូបពេញរាង។ ការពិបាក ការឈឺចាប់យ៉ាងណាក៏គាត់ព្យាយាមអត់ធ្មត់ ហើយចិញ្ចឹមបីបាច់រហូតដល់កូនធំ ទទួលបានការងារធ្វើ។ ដូច្នេះ ចូរគោរពស្រឡាញ់ឪពុកម្ដាយរបស់អ្នកឱ្យបានច្រើន ឱ្យដូចអ្នកស្រឡាញ់ប្ដី ស្រឡាញ់ប្រពន្ធរបស់អ្នកដែរ៕
ស្រាវជ្រាវពីឯកសារដើមនិងកែសម្រួលដោយ÷
ចៅតាជេត