អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចេញសេចក្តីប្រកាសព័ត៌មាន

ចែករំលែក៖

ភ្នំពេញ,នៅរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំង ក្រុមការងារចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់។ ជាក់ស្ដែងកាលពីវេលាម៉ោង០១ និងសាមសិបនាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបានសហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងអធិការនគរបាលស្រុកស្វាយចេក បានចុះស្ទាក់ចាប់បទល្មើសបានពីរករណី៖ ករណីទី១ រថយន្ត០១គ្រឿងដឹកជ្រូករស់ ចំនួន២០ក្បាល ចេញពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងករណីទី២ គោយន្ត០១ គ្រឿងដឹកជ្រូករស់ចំនួន១០ក្បាល ចេញពីប្រទេសថៃតាម ច្រកចំការ គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ គ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបាននាំវត្ថុតាងនិងបទល្មើសទាំងពីរ ខាងលើទៅរក្សារទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ បន្ទាប់ពីយកសំណាកឈាមជ្រូក មកពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ លទ្ធផលចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថាវិជ្ជមានប៉េស្តជ្រូកអាហ្វ្រិក។ ករណីនេះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដល់សាធារណជន អ្នកចិញ្ចឹមសត្វ ពិសេសអ្នកចិញ្ចឹមជ្រូក និងអ្នកពិឃាតសត្វ នូវវិធានការណ៍បន្ទាន់ដូចខាងក្រោម៖

១- អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកម្ទេចវត្ថុតាង បទល្មើសជាក់ស្តែងទៅតាមវិធានបសុព្យាបាល។

២- ការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី ខេត្ត ត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសចលនាសត្វខុសច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់។
៣- កសិករ និងពាណិជ្ជករ ជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្សេងៗទៀត។

៤- គ្រប់សត្តឃាតដ្ឋានទូទាំងរាជធានី ខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំ និង ត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកធ្វើ ពិឃាដ។

៥- អាជីវករ ពាណិជ្ជករ ឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងវិធានអនាម័យសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវគោលការណ៍បច្ចេកទេស១២ចំណុចសម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់ ជាពិសេសចំណុច ទី១២ ដែលតម្រូវឱ្យមានទីតាំងចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេស ត្រួតពិនិត្យមុននាំចូល ឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលបានបំពេញលក្ខខណ្ឌនេះ។ លក្ខខណ្ឌតម្រូវទាំងអស់នេះគឺដើម្បីជៀសវាងនូវការនាំជំងឺសត្វឆ្លងដែន មកបំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វ នៅក្នុងព្រះរាជាណាចក្រ កម្ពុជាទាំងមូល។

៦- ប្រសិនបើសាធារណជនបានដឹង ឬបានឃើញជាក់ស្តែង នូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមក លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ តាមរយៈទូរស័ព្ទ លេខ ០១២ ៨២៨ ២០៩ ។
ទទួលបានសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ សង្ឃឹមថា សាធារណជន មន្ត្រីជំនាញ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុននាំចូលសត្វរស់ និងអ្នកចិញ្ចឹមសត្វ ជាពិសេសអ្នកចិញ្ចឹមជ្រូក ត្រូវអនុវត្តតាម ការណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមជូនជ្រាបជាព័ត៌មាន ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print