ភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខែពិសិដ្ឋរ៉ម៉ាឌន បានអញ្ជើញចូលរួម ទទួលទាន អាហារស្រាយបួស បង្ហាញពីភាព ស្និទ្ឋស្នាល ជាមួយប្រជាពលរដ្ឋគ្រប់រូប ដោយមិន ប្រកាន់ពូជសាសន៍ និន្នាការ និងសាសនាអ្វីឡើយ ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ទទួលទាន អាហារស្រាយ បួសរួមតុជាមួយសាសនិកឥស្លាមរាប់ពាន់នាក់ ចំនួន២លើកទៅហើយ ក្នុង អំឡុងពេលមិនដល់១ខែ តែប៉ុណ្ណោះដែលលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា កន្លងទៅ គឺជាពិធីអាហារ ស្រាយបួស ថ្នាក់ជាតិលើកទី២ ដែល បានរៀបចំនៅ មជ្ឈមណ្ឌលកោះពេជ្រ មានអ្នកចូលរួម ប្រមាណជាង៤ពាន់នាក់ ហើយលើកទី២ នៅល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមទទួលទាន អាហារស្រាយបួស ក្នុងទិដ្ឋភាពយ៉ាងស្និទ្ឋស្នាលជាទីបំផុត ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារ ធំអន្តរជាតិ អាល់សារកាលបឹងកក់ រាជធានីភ្នំពេញ ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នេះទៀតជាកិត្តិយសរបស់សហគមន៍ខ្មែរឥស្លាមទាំងជាតិ និង អន្តរជាតិ បន្ថែមទៀត ដែលសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ទទួលទានអាហារស្រាយបួស ជាមួយសហគម៍ខ្មែរឥស្លាម នៅវិហារឥស្លាម គីឡូម៉ែតលេខ៩ ដើម្បីបង្ងាញ ពីភាពស្និទ្ឋស្នាល ក៏ដូចជាការអបអរសាទរសម្រាប់បុណ្យរ៉យ៉ា Aid Al Fitri (បុណ្យបញ្ចប់ពិធីបួស) ដែលនឹងប្រារព្វធ្វើឡើងនៅចុងខែកក្ដដានេះ ជាបុណ្យធំបំផុតសម្រាប់សាសនិកឥស្លាមនៅលើសកលលោក។
សម្តេចក្រឡាហោម ស ខេង ពីសំណាក់ម្ចាស់កម្មវិធី ដែលរួមមាន លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក សុះ កំរ៉ី ចាងហ្វាងគណៈ ដឹកនាំ ជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាចៅហ្វាងរង គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ពិធីទទួលទានអាហារស្រាយបួសនារាត្រីនេះ គឺពិតជានាំមកនូវភាពកាន់តែស្និទ្ឋស្នាលពីសម្តេចក្រឡាហោម និង ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល ព្រមទាំងបងប្អូនដែលកាន់សាសនាព្រះពុទ្ឋ ជាមួយប្រជាពលរដ្ឋ ដែលកាន់សាសនាឥស្លាម និង សាសនា នានាទៀត ធ្វើឲ្យសាសនិកឥស្លាមកម្ពុជា និងពិភពលោកមើលឃើញយ៉ាងច្បាស់នូវការផ្តល់ភាពសុខដុមយ៉ាងកក់ក្តៅ ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ មកលើសាសនិកឥស្លាមដូចគ្នា នឹងសាសនិកនានា ដែលជាពលរដ្ឋកម្ពុជាទាំងមូល។ លោកបន្តថា៖ ជាមួយ គ្នានេះដែរ សហគម៍ឥស្លាមយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាជាទូទៅ ពិតជាមានមោទនភាព យ៉ាងក្រៃលែង ដែលកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ លោក Iyad Ameen Madani អគ្គលេខា ធិការនៃអង្គការ សហប្រតិបត្តិការឥស្លាម OIC ជាអង្គការដែលមានសមាជិកជា ប្រទេសឥស្លាម ៥៧ប្រទេស ក្នុងពិភពលោក បានផ្ញើរសារលិខិតសម្តែងការកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបាន យកចិត្តទុកដាក់ ខ្ពស់ចំពោះ ពលរដ្ឋខ្មែរឥស្លាម សរសើរពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ រក្សាបាននូវ សុខដុមរមនីយកម្ម ជូនប្រជាជាតិទូទាំងប្រទេស។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ កម្ពុជាបានឆ្លងកាត់នូវ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជូរចត់ជាច្រើន ក្នុងដំណាក់កាល ជាបន្តបន្ទាប់ ក្នុងនោះ របបប៉ុល ពត បានបំផ្លាញដល់ឫសគល់ នៃគ្រប់សាសនាទាំងអស់នៅកម្ពុជា។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់បានរស់ឡើងវិញ ព្រមពេលដែលប្រជាជាតិកម្ពុជារស់ឡើងវិញ ក្នុងនោះ គេក៏បានសង្កេតឃើញ ការខិតខំប្រឹងប្រែងនូវ គ្រប់សាសនាទាំងអស់ ។ ខ្ញុំសូមយកឳកាសនេះ សម្តែងការកោតសរសើរដល់សហគមន៍ខ្មែរឥស្លាម គ្រប់ស្រទាប់ ដែលបានចូល រួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងចូលរួម អភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យអាណាច្រ និងពុទ្ធចក្រក្នុងនោះស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលជាស្ថាប័នសាសនាឥស្លាមកំពូល ក្រៅពីនោះក៏មានអង្គការជាច្រើនទៀតដែលក្រសួង មហាផ្ទៃបានសម្រួលចេញអជ្ញាប័ណ្ណជូន បាននិងកំពុងតែចូលរួមទ្រទ្រង់ ការអភិវឌ្ឍទៅលើ គ្រប់វិស័យ នៅព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ សំរិត