ខេត្តកណ្តាល៖ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ នេះ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់នាយទាហាន ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែកសឹករងក្រុង ស្រុក វរៈ សរុប ៧៥នាក់ ។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងពីស្ថានការណ៍កូវីដ-១៩ បាននឹងកំពុងរាតត្បាតនៅទូទាំងសកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសផងដែរ។ លោក បានបន្ថែមទៀតថា បញ្ហានេះគឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់នាំប្រទេសនានា ។ ដោយឡែកសម្រាប់កម្ពុជា គឺជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការបន្ទាន់នានា ទៅលើកិច្ចការងារ ការពារការឆ្លងរីករាលជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល ជាសេនាធិការ និងជាមួយផ្នែកពាក់ព័ន្ធជាច្រើន ដែលធ្វើឱ្យកម្ពុជា ជាប្រទេសមួយជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើការប្រើប្រាស់វិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ ទាំងនៅថ្នាក់តំបន់ ក៏ដូចជានៅលើពិភពលោក។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ បានបន្ថែមថា ក្នុងនាមជាកងកម្លាំង យើងត្រូវចូលរួមការពារ ទប់ស្កាត់ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ រាល់បទបញ្ជារបស់ប្រមុខដឹកនាំ ទៅលើការងារទាំងអស់ដែលបានដាក់ផែនការមក។
បន្ថែមពីលើនេះ មេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំង របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលមានភារកិច្ចចូលរួមសហការជាមួយមន្ត្រីជំនាញ ធ្វើការពិនិត្យឱ្យបានច្បាស់លាស់ ចំពោះប្រជាជនដែលបានធ្វើដំណើរចេញចូលនៅតាមបន្ទាត់ព្រុំដែន កម្ពុជា-វៀតណាម គឺត្រូវធ្វើចត្តាឡីស័ក្តឱ្យបាន១៤ថ្ងៃ គ្រប់អ្នកដំណើរទាំងអស់ដែលឆ្លងចេញចូល ទៅតាមការណែនាំរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល រហូតដល់មានបទបញ្ជា និងការណែនាំថ្មីពីថ្នាក់លើផងដែរ៕
ដោយ, សិលា