ម្ចាស់ជើងឯកវាយតឺន្នីស Australian Open ឆ្នាំចាស់ កីឡាការិនី Sofia Kenin បានធ្លាក់ចេញពីព្រឹត្តិការណ៍ Australian Open ក្នុងជុំទី២ កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈដោយបានបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-៣ និង ៦-២ ក្រោមថ្វីដៃរបស់កីឡាករលេខ៦៥ពិភពលោក Kaia Kanepi នៅលើទីលាន Margaret Court Arena ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីរសៀលថ្ងៃម្សិលមិញ។
កីឡាការិនីវ័យ២២ឆ្នាំរូបនេះដែលបានជាប់ Grand Slam នៅឯឧទ្យាន Melbourne កាលពីឆ្នាំមុនជាមួយនឹងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅ French Open ធ្វើមិនបានល្អក្នុងការប្រកួតរយៈពេល ៦៤ នាទីពេលប៉ះជាមួយកីឡាការិនីអ៊ីស្តូនីដែលមានបទពិសោធន៍ច្រើន។
កីឡាការិនី Kenin បានស្រក់ទឹកភ្នែកពេលដែលធ្លាក់ចេញពីការប្រកួត ហើយបានសារភាពថា នាងកំពុងតស៊ូដើម្បីការពារជើងឯករបស់នាង ដោយរំពឹងថានឹងការពារតំណែងនេះឲ្យបាន ប៉ុន្តែអ្វីៗធ្វើមិនបានល្អ។ចំណែកកីឡាការិនី Kaia Kanepi ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកម្តៅសាច់ដុំ Gippsland Trophy កាលពីសប្តាហ៍មុនជាកីឡាការិនីជើងចាស់ដែលមានភាពស្វាហាប់ ប្រកួតបានល្អ និងទទួលបានជោគជ័យក្នុងជុំទី២នេះ។
កីឡាការិនីវ័យ៣៥ឆ្នាំ Kaia Kanepi បាននិយាយថា “ខ្ញុំបានធ្វើយ៉ាងល្អនៅថ្ងៃនេះ! ខ្ញុំគិតថាការប្រកួតនេះបានជួយនាងឲ្យរីកចម្រើនច្រើនណាស់” ។
សម្រាប់ប្រកួតបន្ទាប់របស់កីឡាការិនី Kaia Kanepi គឺជាការប្រកួតជុំទី៣ ដោយត្រូវប៉ះនឹងកីឡាការិនីសញ្ជាតិក្រូអាត Donna Vekic ដែលបានផ្តួលកីឡាការិនីសញ្ជាតិអាហ្សង់ទីន Nadia Podoroska ក្នុងការប្រកួតជុំទី២ របស់នាងកាលពីថ្ងៃព្រហស្បតិ៍ដែរ ៕ដោយ៖ភារៈ