ខេត្តរតនគិរី, អង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរី បានធ្វើសេចក្តីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីចំនួនភ្ញៀវទេសចរណ៍មកកម្សាន្តនៅរមណីយដ្ឋាននៅខេត្តរតនគិរីនៅក្នុងរយៈពេល៣ថ្ងៃ(១២-១៣-១៤កុម្ភៈឆ្នាំ២០២១)នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន១២,៦៨៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦៤នាក់ ភ្ញៀវជាតិ១២,៦២៥នាក់ គឺមានការធ្លាក់ចុះ
២៩.០៧%។ ភ្ញៀវជាតិធ្លាក់ចុះ២៨.២៣% ភ្ញៀវអន្តរជាតិធ្លាក់ចុះ៧៨.៦០%បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២០មានចំនួន១៧,៨៩០នាក់។ នេះបើតាមតួរលេខមន្ទីរទេសចរណ៍បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១នេះ។
លោក ង៉ែត ពិទូ បានឲ្យដឹងថាគិតត្រឹមល្ងាចថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១នេះថាកត្តាធំបំផុតដែលនាំអោយភ្ញៀវទេសចរមានការធ្លាក់ចុះបណ្តាមកពីប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ ជាពិសេសច្រកទ្វារអន្តរជាតិនានាត្រូវបានបិទ ការចេញចូលទាំងស្រុងដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។
លោកបន្តថាភ្ញៀវបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននៅក្នុងខេត្តរតនគិរីមានចំនួន១៤កន្លែងសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ។ ហើយរមណីយដ្ឋានដែលពេញនិយម និងមានភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើននោះគឺបឹងយក្ខឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ,មណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីដ្ឋានដទៃទៀតដែរដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។
លោកបន្តថា រយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែល ភ្ញៀវបានទៅលេងកម្សាន្ត លោកសង្កេតឃើញថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យបរិស្ថានបានល្អពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាពិសេសនោះគឺពួកគាត់មានស្មារតី ម្ចាស់ការចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនអោយបាញ់កំដៅការលាងសម្អាតដៃនៅតាមឡាបូសាធារណៈដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។
លោក ង៉ែត ពិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែល បានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមាននៃការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕
ដោយ, សិលា