ក្លិប Orlando City បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Alexandre Pato ដែលបានក្លាយជាភ្នាក់ងារទំនេរបន្ទាប់ពីចាកចេញពីទីក្រុង Sao Paulo កាលពីខែសីហា។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១៤ កុម្ភៈ។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះបានចុះហត្ថលេខាកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយក្រុម Orlando City នៅលីគកំពូលអាមេរិក MLS ។
អ្នកចាត់ការទូទៅក្លិបខាងលើលោក Luiz Muzzi បានមានប្រសាសន៍ថា“យើងពិតជារំភើបណាស់ក្នុងការស្វាគមន៍កីឡាករ Pato មកកាន់ Orlando City ។ គាត់ជាកីឡាករជើងចាស់ម្នាក់ដែលបានបង្ហាញវត្តមាននៅក្លិបកំពូលៗ មួយចំនួននៅជុំវិញពិភពលោក និងមានកំណត់ត្រាល្អនៅកម្រិតអន្តរជាតិ។
លោក Luiz Muz បន្តថា “បទពិសោធដែល Pato នាំមកជាមួយគឺពិតជាមានតម្លៃណាស់សម្រាប់ក្លិប។
Pato គឺជាកីឡាករដែលមានសមត្ថភាពខ្ពស់ ហើយយើងពិតជារំភើបក្នុងការបន្ថែមនូវគោលដៅកំពូលមួយផ្សេងទៀត”។
នៅក្លិប Orlando City កីឡាករ Pato នឹងលេងជាមួយអតីតខ្សែបម្រើស្លាបរបស់ក្លិបបិសាចក្រហម Manchester United គឺ Nani និងខ្សែបម្រើMauricio Pereyra ៕ដោយ៖ភារៈ