អន្តរជាតិ៖ មនុស្សយ៉ាងណោចណាស់ជាង១០០នាក់ បានរងរបួសក្នុងករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងធ្វេីឲ្យចន្តរអគ្គីសនីត្រូវដាច់ភ្លើងជាច្រើនកន្លែង។ ជាក់ស្ដែងតំបន់រញ្ជួយដីមួយនេះ គឺកន្លងមកក៏ធ្លាប់រងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុនផងដែរ។
បេីតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានអះអាងថា មនុស្សច្រើនជាង ១០០នាក់ បានរងរបួស និងមិនអ្នកស្លាប់ទេ។ ខណៈដែលរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កំពុងសស្រាក់សស្រាំប្រមូលព័ត៌មាន ជុំវិញការខូតខាត, ចំនួនជនរងគ្រោះ និងព័ត៌មានផ្សេងទៀត។ ព្រោះកន្លែងរញ្ជួយដីនេះ កើតឡើងនៅក្នុងខេត្ត Fukushima និងតំបន់ជិតខាងផ្សេងទៀត។
សូមជម្រាបថា ខេត្តFukushima នេះ ធ្លាប់រងគ្រោះដោយសាររញ្ជួយដី និងរលកស៊ូណាមិម្តងហើយ នៅក្នុងឆ្នាំ២០១១ ដែលកាលនោះបង្កឱ្យមានការខូតខាត និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនលានដុល្លារ។ សូម្បីតែរោងចក្រថាមពលនុយក្លេអ៊ែរ ក៏ត្រូវបានបំផ្លាញ ដោយគ្រោះមហន្តរាយនោះដែរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo បាននិយាយថាគ្រោះរញ្ជួយដី ដែលមានកម្រិតបឋម ៧,៣ រិចទ័រនេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងបានធ្វើឱ្យដាច់ភ្លើងប្រមាណជាង ៩០ម៉ឺនគ្រួសារ។ រហូតមកទល់ពេលនេះ មិនទាន់មានការរាយការណ៍លើទំហំខូតខាតធ្ងន់ធ្ងរនៅឡើយទេ។
ចំណែកទីភ្នាក់ងារឧតុនិយម ក៏បានអះអាងថា ដ្បិតមានគ្រោះរញ្ជួយដីក្នុងកម្រិតខ្លាំងបែបនេះមែន ប៉ុន្តែវាមិនបានបង្កឱ្យមានរលកស៊ូណាមិកើតឡើងឡើយ។ គ្រោះរញ្ជួយដីមានជម្រៅចំនួន ៦០គីឡូម៉ែត្រ និងបង្កឱ្យមានកម្រិតរញ្ជួយដល់ទីក្រុងតូក្យូ។
គួររម្លឹកដែរថា គ្រោះរញ្ជួយដីមួយ នៅក្នុងឆ្នាំ២០១៨ កន្លងទៅ បានវាយប្រហារលើកោះ Hokkaido ក្នុងកម្រិត ៦,៦ រិចទ័រ ដែលបង្កឱ្យមានបាក់ដី បំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សច្រើនជាង ៤០នាក់៕ដោយ៖ស តារា
រូបភាព៖(Kyodo Photo via Reuters)