ភ្នំពេញ, ដោយសារកំណើនពលករលួចឆ្លងដែនខុសច្បាប់ គេចវេសពីការធ្វើចត្តាឡីស័ក មានចំនួនច្រើន ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានចុះត្រួតពិនិត្យផ្ទាល់ និងដាក់បន្ថែមកម្លាំងនៅតាមចំណុចគោលដៅសំខាន់ៗបន្ថែមទៀត។ លោកមានប្រសាសន៍ថាក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ចាប់តាំងពីមុនថ្ងៃចូលឆ្នាំចិន ពលករចំណាកស្រុកបានសម្រុកលួចឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជាកាន់តែច្រើន។ ពួកគេមួយចំនួនព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដើម្បីធានាបាននូវសុខសុវត្ថិភាព និងបង្ការកុំឲ្យមានជំងឺកូវីដ-១៩ ឆ្លងចូលទៅក្នុងសហគមន៍នោះ លោកត្រូវតែរឹតបន្តឹងសន្តិសុខ និងណែនាំកម្លាំងឲ្យអត់ធ្មត់តស៊ូលំបាក ធ្វើយ៉ាងណាកុំឲ្យពលករលួចឆ្លងដែនបាន។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានអំពាវនាវដល់ពលករចំណាកស្រុក ចូរកុំគេចវេសពីការធ្វើចត្តាឡីស័កឲ្យសោះ ការគេចវេសនេះ វាមិនជាការល្អឡើយ ព្រោះប្រសិនបើអ្នកមានផ្ទុកជំងឺដ៏កាចសាហាវនេះ វាមិនត្រឹមតែឆ្លងដល់ក្រុមគ្រួសាររបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងវិនាសអន្តរាយដល់សង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនដែលបានកំណត់យ៉ាងណាក៏ដោយ ក៏ពលករមួយចំនួននៅតែបន្តលួចឆ្លងដោយខុសច្បាប់៕
ដោយ, សិលា