ប្រធានាធិបតីអាមេរិក លោក បៃឌិន នៅថ្ងៃទី១៥ខែកុម្ភៈនេះ បានអំពាវនាវដល់រដ្ឋសភាអាមេរិក អនុម័តច្បាប់ប្រើប្រាស់កាំភ្លើង នៅក្នុងទឹកដីអាមេរិក។
ការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក លោកបៃឌិន បានលើកឡើងក្នុងពេលដែលអាមេរិកប្រារព្ធខួប៣ឆ្នាំថ្ងៃបាញ់ប្រហារនៅ សាលាមធ្យមសិក្សា Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida។ ប្រធានាធិបតីបៃឌិន បានអំពាវនាវដល់រដ្ឋសភា អនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ក្នុងសារគម្រប់ខួប៣ឆ្នាំនៃការបាញ់ប្រហារនៅសាលា បឋមសិក្សា Marjory Stoneman Douglas សម្លាប់មនុស្ស ១៧នាក់។
នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាន បានប្រកាសថាប្រធានាធិបតីបៃឌិន បង្ហាញពីការសោកស្តាយយ៉ាងខ្លាំងដល់អ្នកស្លាប់ដោយសារតែការប្រើប្រាស់កាំភ្លើង។ លោកបៃឌិនអំពាវនាវដល់រដ្ឋសភាអាមេរិក អនុម័តច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ក្នុងនោះមានការត្រួតពិនិត្យប្រវត្តិរូបល្អិតល្អន់ចំពោះអ្នកដែលប្រើប្រាស់កាំភ្លើង។
ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់ថា នេះជាពេលវេលាដែលត្រូវធ្វើសកម្មភាព មិនអាចរង់ចាំដល់ពេលមានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើនទៀតទើបអនុម័តនោះឡើយ។
កន្លងមក ប្រធានរដ្ឋសភាអាមេរិកលោកស្រីNancy Pelosi បានឱ្យដឹងថា ថ្នាក់ដឹកនាំរដ្ឋសភានឹងធ្វើការជាងមួយសេតវិមានដើម្បីអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ពិសេសគឺប្រវត្តិរូបអ្នកដែលប្រើប្រាស់និងទិញកាំភ្លើង ។ ប៉ុន្តែច្បាប់គ្រប់គ្រងកាំភ្លើងមិនត្រូវបានអនុម័ត ដោយសារតែរងការប្រឆាំងពីព្រឹទ្ធសភា ។
ការបាញ់ប្រហារកាលពីឆ្នាំ២០១៨ នៅទីក្រុងParkland បានសម្លាប់មនុស្ស ១៧នាក់ ។ ក្រោយការបាញ់ប្រហារនោះពលរដ្ឋជាច្រើនបាននាំគ្នាធ្វើបាតុកម្ម ដែលមានឈ្មោះថា ចលនាដើម្បីជីវិតរបស់យើង (March For Our Lives) ប្រឆាំងការប្រើប្រាស់កាំភ្លើង៕ ដោយ សាធី
រូបភាព៖ AP