ភ្នំពេញ, នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់ និងការណែនាំក្រើនរំលឹកអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ ១៩ នៅកម្ពុជា។
យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា, រាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ខ្ពស់លើការវិវត្តនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរនៃវីរុសកូវីដ-១៩ ដែល បានបំប្លែងខ្លួនថ្មី (new variant) ដែលអ្នកវិទ្យាសាស្រ្តវេជ្ជសាស្ត្រ បានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើង រួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវ ហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុង មានការរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស នៅក្នុងតំបន់ និងនៅលើសកលលោកយើងនេះ។ ជាក់ស្តែង តាមព័ត៌មាន ទទួលបានពីអង្គការសុខភាពពីភពលោកប្រចាំនៅកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានការរាយការណ៍ពី ករណីឆ្លងវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) ប្រមាណជា ៨០ប្រទេសហើយនៅលើសកលលោកនេះ ហើយមានប្រមាណជាជាង ៣០០ករណី រកឃើញនៅក្នុងបណ្តាប្រទេសជាង ១០ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ត្រូវបានរកឃើញមានវត្តមានវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) ក្នុងចំណោមបណ្តាប្រទេសទាំងនេះ ក៏មានប្រទេសដែលនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាដែរ។ ប្រមាណជាលើសពី ៤០ប្រទេស និងទីតាំងនៅលើពិភពលោក បានរាយការណ៍ពីការរកឃើញករណីឆ្លងប្រភេទ 501Y.V2 variart ដែលនៅក្នុងនេះ មានចំនួនប្រមាណជា ៨ប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច បានរកឃើញ លើសពី ៧០ករណីហើយ។ ដោយឡែក នៅលើសកលលោក ប្រមាណជាលើសពី ១០ប្រទេស ទីតាំងហើយដែរ ដែលបានរកឃើញករណីឆ្លងប្រភេទ P1 variant ដែលក្នុងចំណោមនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានរបាយ ការណ៍លើសពី ០២ករណីឆ្លងវីរុសប្រភេទថ្មីនេះ ពីប្រទេសចំនួន ០២ ផងដែរ (ដែលគេមិនបានបញ្ចេញឈ្មោះ ប្រទេសទាំងនេះឡើយ ដោយហេតុផល កំពុងស្រាវជ្រាវបន្តទៀត )។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ កម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំធ្វេសប្រហែសឱ្យសោះ និងមិនត្រូវមើលរំលង ពីលទ្ធភាពនៃការចម្លង វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មីទាំងនេះ មកក្នុងសហគមន៍កម្ពុជាយើងនោះឡើយ។
យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា, ជាក់ស្តែង ដោយមានការពង្រឹងប្រព័ន្ធរុករកស្រាវជ្រាវ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរាយការណ៍ពីការវិភាគរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ដែលបាន បំប្លែងខ្លួនថ្មី (ប្រភេទ UK variant 200/S01Y.V1, VOC 202012/01 និង B.1.1.7) ក្នុងចំណោមអ្នកដំណើរដែលចូលមក កម្ពុជា មានដូចតទៅ៖
១. បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
៣. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន រាជធានីភ្នំពេញ រួចហើយ។
ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើង ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកំសាន្តទៅកាន់ស្រុក កំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានធ្វើជា រឿយៗឡើយ។ ដូច្នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការក្រើនរំលឹកសារ ជាថ្មីម្តងទៀត ជូន ដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើន ប្រភេទ កំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា ដូចបានជម្រាបជូនខាងលើនេះស្រាប់។ ដូច្នេះ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុង ប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះ ទេ។ សូមបុគ្គលគ្រប់រូប ចងចាំ និងចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវ បន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការណ៍ បីកុំ និង បីការពារ ។ សូមអាននូវក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់ និងការណែនាំក្រើនរំលឹកអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ ១៩ នៅកម្ពុជា ទាំងស្រុងដូចខាងក្រោម៕
ដោយ, សុខ ខេមរា