ប្រទេសភូមា: ទីប្រឹក្សាសន្តិសុខជាតិ លោកស្រី អោងសាន ស៊ូជីត្រូវកម្លាំងយោធាចាប់ខ្លួន នៅថ្ងៃទី ១ខែកុម្ភៈ ហើយពេលនេះយោធាបន្តឃុំខ្លួន រហូតដល់ថ្ងៃទី ១៧ខែកុម្ភៈ គឺលើកពីការគ្រោងទុកពីរថ្ងៃ។ កន្លងមកយោធា ប្រកាសថានឹងដោះលែងនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២១នេះ។
លោក Khin Maung Zaw មេធាវីរបស់លោកស្រី អោងសានស៊ូជីបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចៅក្រមតុលាការរដ្ឋធានីណៃពិដោ បានប្រកាស បន្តឃុំខ្លួនលោកស្រី ស៊ូជី បន្តដល់ថ្ងៃទី១៧ខែកុម្ភៈ ។ លោកKhin Maung Zaw បន្តទៀតថា «ទាំងនោះជារឿងយុត្តិធម៌ដែរឬទេ អ្នកទាំងអស់គ្នាអាចវាយតម្លៃបាន»។
សមាជិក ក្រុមមេធាវី ការពារក្តីរបស់លោកស្រីស៊ូជី បានបញ្ជាក់ថា រដ្ឋអាជ្ញាបានជួបនិយាយជាមួយលោកស្រី ស៊ូជីតាមវីដេអូខល ពេលនោះលោកស្រីបានសួរថា តើលោកស្រីអាចជួលមេធាវីការពារដែរឬទេ។
នៅពេលនេះពលរដ្ឋមីយ៉ានម៉ាបាននាំគ្នាធ្វើបាតុកម្មឈានចូលថ្ងៃទី១០ ហើយប្រឆាំងការធ្វើរដ្ឋប្រហារ ។ ពលរដ្ឋមីយ៉ានម៉ា ចាត់ទុកថាការធ្វើរដ្ឋប្រហារបានធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋធ្លាក់ក្នុងស្ថានភាពច្របូកច្របល់។ ក្រុមបាតុករក៏បានអំពាវនាវដល់យោធាដោះលែង លោកស្រីស៊ូជី និងអ្នកនយោបាយ នានាដែលបានចាប់ខ្លួន ។
រដ្ឋាភិបាលមីយ៉ានម៉ាដឹកនាំដោយយោធា មិនមានការប្រែប្រួលនោះឡើយបើទោះបី សហគមន៍អន្តរជាតិថ្កោលទោស និងការធ្វើបាតុកម្មប្រឆាំងពីសំណាក់ ពលរដ្ឋមីយ៉ានម៉ា។ នៅថ្ងៃទី១៥ខែកុម្ភៈ នេះ រដ្ឋាភិបាលយោធាបានកាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណិត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានប្រឆាំង រដ្ឋាភិបាលយោធា៕
ដោយ, ធី រីណា