ខេត្តព្រៃវែង÷តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខៈ ១៦ អនក្រ.បក ចុះថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ ដោយថ្មីៗនេះ បានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ ដែលជាតំបន់មានសក្តានុពលខ្ពស់ទាំងផ្នែកសង្គម វប្បធម៌ និងការអភិរក្ស ជាតំបន់ការពារធម្មជាតិ។
តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិយ៉ាងសម្បូរបែបដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា៖
-ជាបឹងមានទឹកជាអចិន្ត្រៃយ៍ទាំងនៅក្នុងរដូវប្រាំងនិងរដូវវស្សាដែលផ្តល់នូវ ប្រភពទឹកស្រោចស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ
-មានអន្លុងត្រីសំខាន់ៗដែលជាទីជម្រករស់នៅនិងបន្តពូជរបស់ត្រីជាច្រើនប្រភេទ
-ជាកន្លែងនេសាទដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់
-ជាកន្លែងសម្រាកកំសាន្តនិងជាបឹងប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី»
-បានទ្រទ្រង់ដល់វត្តមានសត្វស្លាបជាច្រើនប្រភេទរួមមានប្រភេទទទួលរងការគំរាមកំហែងនិងជិតផុតពូជលើពិភពលោកដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជាអន្តរជាតិ
-ជាទីសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់៕