ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងរបស់អង្គការចៃកា(Jica) ប្រទេសជប៉ុន ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសា ឆ្នាំ២០២១ខាងមុខនេះហើយ ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។
គម្រោងសាងសង់នេះបានធ្វើឡើងក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះរួចរាល់។
ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយព្រឹត្តិកម្មខាងលើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញនាព្រឹកថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ មានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលជាគម្រោងដ៏ធំដំបូងគេ។ គម្រោងនេះ នឹងធ្វើឡើងនៅក្នុងដីទំហំ ៣ហិកតាសិន ដែលអាចយកទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌបឹងកេងកងជាដើម ។ គម្រោង នេះត្រូវតបណ្ដាញទុយយោទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែក ទំហំ៣តឹកតភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងលើនេះ។
លោកក៏បានបញ្ជាក់ថា៖ គម្រោងខាងលើនេះក្រុមការងារបានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមាន ប្រជាពលរដ្ឋចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ពិសេស បងប្អូនប្រជាពលរដ្ឋដែលបានកំពុងដាំត្រកួន អ្នកធ្វើរោងចាំដីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជំរុញការដោះស្រាយឱ្យរួចរាល់នៅក្នុងអំឡុងខែមីនា ហើយនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២១ នឹងអាចប្រគល់ទីតាំងខាងលើទៅឱ្យអង្គការចៃកា ដើម្បីអនុវត្តគម្រោងនៃការសាងសង់ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះហើយ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើក ឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ហើយក្នុងចំនួននេះ គឺរាជរដ្ឋាភិបាលបានកាត់ចំនួន១៩០ហិកតាដើម្បីធ្វើការវិនិយោគទៅឱ្យវិស័យឯកជន ហើយនៅសល់១៨១ហិតតា ជាដីរបស់រដ្ឋដែលយើងត្រូវចាត់ចែងដើម្បីធ្វើអាងស្តុកទឹកកសាងនូវអាងប្រព្រឹត្តកម្មទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។
លោក បញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវតែជំរុញ និងពន្លឿនការដោះស្រាយផលប៉ះពាល់នេះ ឱ្យបានលឿន ដើម្បីឱ្យ jica ស្ថាបនាអាងប្រព្រឹត្តកម្មទឹកស្អាតនេះបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕ . សំរិត