ភ្នំពេញ, ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គឹម សន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិនិត្យឡើងវិញពីកម្រិតពិន័យនៅក្នុងអនុក្រឹត្យនេះផងដែរ ព្រោះវានៅទាបដែលនាំឱ្យបុគ្គលខ្លះមិនខ្លាចរអា។
បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងយ៉ាងដូច្នេះ «ទន្ទឹមនឹងពិនិត្យឃើញបងប្អូនភាគច្រើនដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនយើងមួយចំនួនបានធ្វើដំណើរគេចវេសពីតំបន់ដែលត្រូវធ្វើចត្តាឡីស័កចូលមកផ្ទៃក្នុងប្រទេសដែលជារឿងមួយ ដែលមិនអាចនឹងមិនយកវិធានការផ្លូវច្បាប់បានទេ។ នោះគឺនៅត្រង់ថា ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត គឺនឹងមានរឿងកាន់តែធ្ងន់ធ្ងរ ហើយល្ងាចម្សិលមិញនេះដើម្បីចៀសវាងការធ្វើចត្តាឡីស័ក ហើយដើម្បីគេចចេញពីកម្លាំងល្បាតនៅតាមព្រំដែនមានពលរដ្ឋខ្មែរយើងម្នាក់បានឆ្លងព្រំដែនហើយជាន់មីនដាច់ជើងនៅឯខេត្តបន្ទាយមានជ័យ។ បើសិនជាយើងនៅបន្តតទៅទៀតអាចនឹងមានបងប្អូនមួយចំនួនគ្រោះថ្នាក់រហូតដល់ស្លាប់ ឬពិការដូចជាម្សិលមិញនេះច្បាស់ជាពិការហើយ ព្រោះជើងនោះអាចនឹងត្រូវកាត់។ បន្ថែមលើនោះក៏អាចនឹងចម្លងមេរោគកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុងប្រទេស ដែលអាចនាំមកនូវគ្រោះមហន្តរាយសាជាថ្មីសម្រាប់ប្រទេសកម្ពុជារបស់យើង»៕
ដោយ, សិលា